(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រ និងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នឹងរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះអាស៊ី លើកទី២ នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC រំពឹងថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាការប្រកួតដ៏ធំមួយទៀត ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ក៏ដូចជាក្បាច់គុនបុរាណខ្មែរទៅកាន់ឆាកអន្ដរជាតិ ដ្បិតការប្រកួតនេះនឹងមានអត្តពលិក ដែលជាអ្នកគុននិយមក្នុងទ្វីបអាស៊ីប្រមាណជាង ១០០នាក់ មកពីជាង ២០ប្រទេសចូលរួម និងជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅកម្ពុជា។

កាលពីថ្ងៃចន្ទកន្លងទៅ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានបើកកិច្ចប្រជុំ និងបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ក្នុងការដាក់គោលដៅ និងសម្រួចការងាររៀបចំទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការទទួលបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវភាពកក់ក្ដៅបំផុត ជូនដល់ប្រតិភូកីឡាជាង ១០០នាក់ ដែលត្រូវមកចូលរួមការប្រកួតយុទ្ធគុនចម្រុះអាស៊ីនៅកម្ពុជា។

លោក វ៉ាត់ ចំរើន រំពឹងថា «តាមរយៈព្រឹត្តិការណ៍យុទ្ធគុនចម្រុះអាស៊ីនេះ យើងនឹងបានឃើញចំនួនអ្នកគុននិយមដ៏ច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស នឹងគាំទ្រការប្រកួតនេះ និងគាំទ្រដល់អត្ដពលិកកម្ពុជា ពិសេសកីឡាករ-កីឡាការិនីគុនខ្មែរ និងគុនល្បុក្កតោ។ សូមចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលខំប្រឹងហ្វឹកហាត់ ដើម្បីការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិមាតុភូមិ!»

មន្ដ្រីជាន់ខ្ពស់ NOCC ដដែលបន្ថែមថា ការប្រកួតយុទ្ធគុនចម្រុះអាស៊ី លើកទី២ នៅកម្ពុជានេះដែរ ក៏ជាវេទិកាប្រកួតជម្រុះ ដើម្បីចម្រាញ់យកកីឡាករ-កីឡាការិនីឆ្នើមៗ ដែលជាប់ជយលាភីលេខ១ ដល់លេខ១០ តាមប្រភេទទម្ងន់នីមួយៗ ដើម្បីទទួលបានកៅអីចូលរួមការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦ (6th Asian Indoor and Martial Arts Games) នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។

សម្រាប់ពិធីបើកការប្រកួតយុទ្ធគុនចម្រុះអាស៊ីខាងលើ ប្រសិនបើគ្មានការប្រែប្រួលទេ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីផងដែរ។ ការផ្ដល់កិត្តិយសនេះ នឹងជំរុញទឹកចិត្តដ៏សំខាន់ ដល់ការរៀបចំព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងជាមហាកិត្តិយសសម្រាប់កម្ពុជា។ លោក វ៉ាត់ ចំរើន បន្ថែម៕