(ម៉ូនិច)៖ ខ្សែប្រយុទ្ធជួរមុខ Vinicius Junior ជាអ្នករកគ្រាប់តាមស្មើ ២-២ សម្រាប់ Real Madrid ក្នុងប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League 2023-2024 ទល់នឹងម្ចាស់ផ្ទះ Bayern Munich នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិប្រេស៊ីលបានស៊ុតគ្រាប់តាមស្មើ នៅសល់ត្រឹមតែ ៧នាទីដល់ម៉ោងបញ្ចប់ការប្រកួត ដោយបាល់ ១១ម៉ែត្រ និងក៏ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវចេញពីអេស្ប៉ាញ Real Madrid ផងដែរនៅនាទី២៤ មុនពេល Leroy Sane និង Harry Kane សហការគ្នារកបាន ២គ្រាប់វាយបកនាំមុខវិញក្នុងគម្លាតត្រឹមតែ ៤នាទីតែប៉ុណ្ណោះ ពោលគឺនៅនាទី៥៣ និងនាទី៥៧ ក្នុងកីឡដ្ឋាន Allianz Arena ដែលស្ថិតក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។

យ៉ាងណាក៏ដោយ ២គ្រាប់បន្ថែមនេះដែរ បានធ្វើឱ្យ Vinicius រកបាន ៥គ្រាប់ ក្នុងចំណោម ៨ប្រកួតចុងក្រោយរបស់គេ ជាមួយអធិរាជស Real Madrid អតីតជើងឯកពាន UCL ១៤សម័យកាលច្រើនជាងគេ គ្រាដែលកីឡាករអង់គ្លេស Kane កើនគ្រាប់ស៊ុតបាន ៨គ្រាប់ហើយនៅពានអឺរ៉ុបនេះជាមួយ Bayern។

Real ស្ថិតក្រោមការបង្វឹករបស់បុរសសញ្ជាតិអ៊ីតាលី Carlo Ancelotti នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ដើម្បីទទួលក្រុម Bayern Munich វិញម្តងនារាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងការលេងបញ្ចប់ជើងទី២ វគ្គ ៤ក្រុម ខណៈ Paris Saint Germain ត្រូវលេងទល់នឹង Borussia Dortmund នាយប់នេះ សម្រាប់ជើងទី១ របស់ពួកគេ៕