(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់គម្រោងសាមគ្គី ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន ដែលជាវគ្គបណ្ដុះបណ្ដាលគ្រូកីឡាទោចក្រយាន ឬគ្រូកីឡាជិះកង់ដោយជោគជ័យ ក្រោយដំណើរការសិក្សាពេញ ១សប្ដាហ៍ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ខណៈអ្នកជំនាញអន្ដរជាតិ រំពឹងលទ្ធផលក្រោយបញ្ចប់វគ្គនេះ នឹងស្ដែងចេញនៅក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

លោក Brian Anthony គ្រូឧទ្ទេស និងជាអ្នកជំនាញកម្រិតខ្ពស់ មកពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (Union Cyclist International ឬ UCI) បានលើកសរសេរពីការខិតខំប្រឹងប្រែងរបស់សិក្ខាកាមចំនួន ១៧រូប ដែលបានចូលរួមសិក្សាក្នុងវគ្គនេះ ទាំងអ្នកមានបទពិសោធន៍សិក្សាក្នុង និងក្រៅប្រទេស ក៏ដូចជាអ្នកទើបចូលរួមលើកដំបូង សុទ្ធតែមានសមត្ថភាព និងទេពកោសល្យល្អ ក្នុងការសិក្សាស្វែងយល់ និងចង់ចេះចង់ដឹងពីកីឡាទោក្រយាន។

លោកបន្ដថា «ខ្ញុំពិតជាមានភាពកក់ក្ដៅមែនទែន ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ ក្រោមកិច្ចសហការជាមួយ NOCC និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងការចែករំលែកនូវចក្ខុវិស័យវែងឆ្ងាយទៅរកការប្រកួតធំៗនាថ្ងៃអនាគត ពិសេសការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ដូច្នេះ UCI មានចក្ខុវិស័យវែងឆ្ងាយក្នុងការពង្រឹងសមត្ថភាពគ្រូបង្វឹកកម្ពុជាឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងបេសកកម្មទាំងអស់នេះ»។

បុរសជនជាតិអៀរឡង់ដដែលបន្ថែមថា «ខ្ញុំសប្បាយរីករាយសម្រាប់រយៈពេល ១សប្ដាហ៍ នៃការចែករំលែកចំណេះ និងបង្រៀនដល់សិក្ខាកាមឲ្យបានយល់ដឹងពីការដឹកនាំ ការបង្ហាត់ និងចែករំលែកចំណេះជំនាញ ហើយខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយកចំណេះទាំងអស់ ទៅអនុវត្តជាក់ស្តែង ពិសេសចែករំលែកតាមបណ្ដាក្លិប ដើម្បីអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន។ ខ្ញុំនឹងត្រឡប់មកវិញម្ដងទៀត ប្រហែលជា ៦ខែក្រោយ ដើម្បីតាមដាន និងពិនិត្យមើលថាតើគុណផលរីកចម្រើនកម្រិតណា បន្ទាប់ពីសិក្ខាកាមបានចូលរួមវគ្គនេះ»

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងក្រោយបញ្ចប់ការសិក្សា និងមានការចូលរួមវាយតម្លៃពីអ្នកជំនាញអន្ដរជាតិ អ្នកស្រី Ernotte Salome Florence Marie មកពីស្ថាប័ន UCI ផងនោះ សហព័ន្ធបានរៀបចំលិខិតបញ្ជាក់ការសិក្សា ២ផ្សេងគ្នា ដោយក្នុងចំណោមសិក្ខាកាម ១៧រូប មានសិក្ខាកាមប្រឡងជាប់គ្រូកម្រិត១ ចំនួន ៣០% និងសិក្ខាកាមប្រឡងជាប់គ្រូកម្រិត២ ឬកម្រិតទ្វីបចំនួន ៧០%។ នេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់សហព័ន្ធ និងសិក្ខាកាមផ្ទាល់ ក្រោយការខិតខំរៀនសូត្រប្រមាណជាង ៤ឆ្នាំកន្លងមក។

សូមបញ្ជាក់ថា ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាជិះកម្រិតខ្ពស់ (កម្រិត២) លើកដំបូងនៅកម្ពុជា បន្ទាប់ពីដំណើរការសិក្សា ៧ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៩ ខែមេសានេះ ក៏មានការអញ្ជើញចូលរួមជាអធិបតី និងចែកលិខិតបញ្ជាក់ការសិក្សាពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាផងដែរ៕