(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) បានរៀបចំ «ថ្ងៃបទបង្ហាញបង្ហាញជាសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Turing Hackathon រដូវកាលទី ៦ នៅទីស្នាក់ការ ម.ធ.ត. ក្រោមអធិបតីភាព អ្នកស្រី ហ៊ាន ឡូរីដា, នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង មានការចូលរួមដោយលោក Tim Grintal នាយកគ្រប់គ្រងផ្នែកទីផ្សារនៃវីង, តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

កម្មវិធី Turing Hackathon រដូវកាលទី៦ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្ដុំនវានុវត្តជនដែលមានភាពច្នៃប្រឌិត ក្នុងការស្វែងរកដំណោះស្រាយ និងអភិវឌ្ឍគំនិតអាជីវកម្មនោះ ឲ្យទៅជាផលិតផលសមស្រប សម្រាប់ក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គម។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ទៅដល់នវានុវត្តជនជំនាន់ក្រោយ ដើម្បីក្លាយជាអ្នកដោះស្រាយបញ្ហា តាមរយៈបច្ចេកវិទ្យា និង សហគ្រិនភាពផងដែរ។

ក្រោយពីបើកទទួលពាក្យ ៣ សប្តាហ៍, កម្មវិធី Turing Hackathon រដូវកាលទី ៦ បានទទួលការដាក់ពាក្យរហូតដល់ទៅ ១១៥ ដែលក្នុងនោះមានបេក្ខជនជាក្រុមចំនួន ៨៣ និង បេក្ខជនទោលចំនួន ៣២ រូប។ បន្ទាប់ពីការសម្រាំង និង ការបង្កើតជាក្រុមរវាងបេក្ខជនទោល បេក្ខភាពដែលមានសិទ្ធិឈានចូលទៅវគ្គផ្តាច់ព្រ័ត្រមានតែ ១២ ក្រុមប៉ុណ្ណោះ។

នៅក្នុងអំឡុងពេល៣ថ្ងៃនេះផងដែរ បេក្ខជននៃកម្មវិធី Turing Hackathon រដូវកាលទី៦ បានទទួលនូវការបណ្ដុះបណ្ដាលលើប្រធានបទដូចជាការបង្កើតក្រុម, ផ្នត់គំនិតជាសហគ្រិន, ការបង្កើតគំនិតអាជីវកម្មដែលមានសក្តានុពល, ការគិតបែបផែនរចនា និង ការរៀបចំគំរូអាជីវកម្មជាដើម។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខជនទាំង១២ក្រុម បានធ្វើបទបង្ហាញអំពីដំណោះស្រាយឌីជីថលរបស់ខ្លួន ទៅកាន់គណកម្មការទាំង ៣ ដើម្បីធ្វើការដាក់ពិន្ទុ និង ស្វែងរកម្ចាស់ជ័យលាភី។

ក្រោយពីការវិនិច្ឆ័យ គណកម្មការបានសម្រេចប្រគល់ជ័យលាភីលេខ ១ ទៅកាន់ក្រុម «The Sleep-Deprived Squad» ជាមួយនឹងប្រាក់រង្វាន់ ៤ លានរៀល, ជ័យលាភីលេខ ២ ទៅកាន់ក្រុម «Buttercup» ជាមួយនឹងប្រាក់រង្វាន់ ៣ លានរៀល និង ជ័យលាភីលេខ ៣ ទៅកាន់ក្រុម «Stylend» ជាមួយនឹងប្រាក់រង្វាន់ ២ លានរៀល។ ក្រៅពីនេះកម្មវិធីក៏សម្រេចផ្តល់នូវ «Honorable Mention» ទៅកាន់ក្រុម «Rokpet» ជាមួយនឹងប្រាក់រង្វាន់ ១ លានរៀល និង ក្រុម «Kasekortech» ជាមួយនឹងប្រាក់រង្វាន់ ១ លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Turing Hackathon រដូវកាលទី ៦ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ព្រមជាមួយនឹងការឧបត្ថម្ភពីសំណាក់ ធនាគារ វីង ដែលជាអ្នកឧបត្ថម្ភធំផងដែរ៕