(បរទេស)៖ សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា NFF បានសម្រេចតែងតាំងលោក Finidi George អតីតកីឡាករធ្លាប់ បង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ២សម័យកាល ជាគ្រូបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសរបស់ពួកគេ ជំនួសតំណែងលោក Jose Peseiro។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៥៣ឆ្នាំដែលបានបង្ហាញខ្លួននៅ World Cup ឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៨ ផងនោះ បានកាន់តួនាទីជា គ្រូបង្វឹកស្តីទីមកដែរតពីបុរសសញ្ជាតិព័រទុយហ្គាល់ Peseiro ដែលបានលាឈប់ ក្រោយពេលនីហ្សេរីយ៉ាបានរងបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះកូដឌីវ័រ កាលផ្តាច់ព្រ័ត្រពានប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2023 មុនត្រូវបានប្រកាសតែងតាំងជាគ្រូពេញសិទ្ធិចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ តទៅ ដោយពុំបានបញ្ជាក់ពីកិច្ចសន្យានោះទេ។

George ដែលធ្លាប់ដឹកនាំក្លិបអាជីព Enyimba បានដឹកនាំនីហ្សេរីយ៉ាលេងឈ្នះហ្គាណា ២-១ មុនមកចាញ់ម៉ាលី ២-០ នៃជំនួបមិត្តភាពអន្តរជាតិកាលពីខែមុន ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។

អតីតកីឡាករដែលជោគជ័យកាលលេងឱ្យក្លិប Ajax ខាងលើនេះ ត្រូវបានគេរំពឹងថា នឹងនាំនីហ្សេរីយ៉ាឡើងទៅលេង World Cup 2026 ជុំចុងក្រោយដែលរៀបចំឡើងនៅតំបន់អាមេរិកខាងជើង ដ្បិត ២ប្រកួតជម្រុះកន្លងមកសម្រាប់ក្រុមជើងឯក Cup of Nations ៣សម័យកាលមួយនេះ លេងស្មើទាំង ២ប្រកួតប្រចាំពូល C របស់ពួកគេ៕