(ឡុងដ៍)៖ ខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva បានប្រកាសនៅថ្ងៃចន្ទថា លោកនឹងចាកចេញពីក្លិប Chelsea នៅពេលចប់រដូវកាលនេះ បន្ទាប់ពីលេងនៅក្លិបស្ថិតក្នុងលីគ Premier League រយៈពេល៤ឆ្នាំ ប៉ុន្តែលោករំពឹងថា លោកនឹងអាចវិលត្រឡប់មកវិញ ក្នុងតួនាទីផ្សេង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

កីឡាករវ័យ៣៩ឆ្នាំរូបនេះ បានចូលរួមជាមួយ Chelsea ក្រោយផ្ទេរមកពីក្លិប Paris St Germain លើការផ្ទេរដោយឥតបង់ថ្លៃ កាលពីខែសីហា ឆ្នាំ២០២០ និងបានបង្ហាញខ្លួន១៥១លើក សម្រាប់ក្លិប Chelsea ដោយបានឈ្នះពានរង្វាន់ Champions League, Club World Cup និងពានរង្វាន់ Super Cup។

«Chelsea មានអត្ថន័យណាស់ សម្រាប់ខ្ញុំ។ ខ្ញុំបានមកទីនេះ ជាមួយនឹងគោលបំណងលេងតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាបានបញ្ចប់រហូតដល់៤ឆ្នាំ។ ខ្ញុំរំពឹងថា នឹងអាចវិលត្រឡប់មកវិញ នៅពេលអនាគត ជាមួយនឹងតួនាទីផ្សេងទៀត» Silva បានលើកឡើង៕