(ម៉ូនិច)៖ Harry Kane និង Jude Bellingham នឹងពើបប្រទះគ្នាទាំង ២ជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Bayern Munich ដែលមានតារាជើងស៊ុត Harry Kane នឹងបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួន ដើម្បីទទួលស្វាគមន៍ Real Madrid ដែលមាន Jude Bellingham ក្នុងនាមកីឡាករអង់គ្លេសដូចគ្នា នៃជើងទី១ វគ្គ ៤ក្រុមចុងក្រោយ UCL នៅរាត្រីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ (ម៉ោងក្នុងតំបន់) នៅមុនពេល PSG ជួប Borussia Dortmund ធ្វើឡើងនៅរាត្រីថ្ងៃពុធ។

ជាការកត់សម្គាល់ ពុំមានកីឡាករណាមួយមកពីក្លិបនៅ Premier League ឡើយ ក៏ព្រោះពួកគេបានហាលអាវពី UCL នេះអស់ហើយ នៅឡើយតែ ២ក្រុមរបស់អាល្លឺម៉ង់គឺ Bayern និង Dortmund គ្រាដែល Real របស់អេស្ប៉ាញ ហើយ Paris Saint Germain របស់បារាំង។

គិតមកទល់ពេលនេះ Bellingham ស៊ុតបាន ២១គ្រាប់ហើយពីការចូលលេងបាន ៣៦ប្រកួតគ្រប់កម្មវិធីប្រកួតរបស់អធិរាជស Real ក្នុងរដូវកាលដំបូងរបស់គេ ស្របពេល Kane ក៏ស៊ុតបាន ៤២គ្រាប់ឱ្យ Bayern នារដូវកាលនេះ ដែលសុទ្ធសឹងជាតួអង្គសំខាន់ដូចគ្នាសម្រាប់ Euro 2024 ក្នុងក្រុមតោកំណាចអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate៕