(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានអាណត្តិថ្មី នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ មហាជនក៏ដូចជាសិល្បករជាច្រើនបានបញ្ចេញមតិយោបល់ និងការគាំទ្រសមាសភាពដែលពួកគេគាំទ្រ ខណៈដែលសិល្បករបានបង្ហាញគោលជំហរចង់ឈរឈ្មោះ។

ប៉ុន្តែជាក់ស្ដែង គណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនផ្លូវការចំនួន៣រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។ បេក្ខភាព៣រូបនោះ រួមមានអតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។

តាមបេក្ខភាពទាំង៣រូបខាងលើនេះនឹងត្រូវអង្គបោះឆ្នោតដែលជាអ្នកសិល្បៈជាច្រើនរូប បោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ ការដែលគណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនទាំង៣រូបនេះ ក្រោយពីបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ។

គួរឱ្យដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្តង។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មីកាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរដែលមានលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាបច្ចុប្បន្ន ក៏បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលនិងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនី ដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ៕