(បរទេស)៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសកូរ៉េខាងត្បូងចំនួនពីរគឺ Hyundai Motor និង Kia Corp បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់តភ្ជាប់នៅក្នុងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ប្រភពបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងឃើញក្រុមហ៊ុនទាំង ៣សហការគ្នាលើការបង្កើតលក្ខណៈពិសេស និងសេវាកម្មរថយន្ត ដែលភ្ជាប់គ្នាដោយការប្រើប្រាស់ជំនាញរបស់ Baidu លើផ្នែកដូចជា ការបើកបរស្វ័យភាព ឬដោយស្វ័យប្រវត្តិ (autonomous driving), cloud computing និងបញ្ញាសិប្បនិម្មិត (AI)។

គួរជម្រាបថា ភាពជាដៃគូនេះ មានគោលបំណងបង្កើនបទពិសោធន៍ក្នុងរថយន្ត និងការតភ្ជាប់លក្ខណៈពិសេសៗសម្រាប់អតិថិជន Hyundai និង Kia នៅក្នុងប្រទេសចិន ក៏ដូចជាបង្កើនមហិច្ឆតាប្រកួតប្រជែងកាន់តែខ្លាំង ទៅនឹងរថយន្តរបស់អាមេរិកផងដែរ។ ខណៈបច្ចុប្បន្នេះ បច្ចេកវិទ្យានៅក្នុងប្រទេសចិន កំពុងក្លាយជាដៃគូដ៏លំបាកបំផុតរបស់សហរដ្ឋអាមេរិក ក៏ដូចជាដៃគូប្រកួតប្រជែងផ្សេងទៀតនៅទូទាំងពិភពលោក៕