(ឡុងដ៏)៖ ពេលនេះការប្រកួតប្រជែងលីគអង់គ្លេស Premier League រដូវកាល២០២៣-២៤ កាន់តែមានសភាពឡើងកម្តៅខ្លាំង ក្នុងការចាំមើលថាក្រុមណាឈ្នះពាននេះ រវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមការពារតំណែងជើងឯក Manchester City ក្រោយពួកគេបន្តឈ្នះរៀងៗខ្លួន។

Arsenal បានកំពុងឈរកំពូលតារាងដោយរកបាន ៨០ពិន្ទុពីការឆ្លងកាត់ ៣៥ប្រកួត ដ្បិតក្រុម Man City បន្តរកបាន ៧៩ពិន្ទុពីការលេងបាន ៣៤ប្រកួតរបស់ពួកគេ ដែលមានត្រឹម ១ពិន្ទុតាមយ៉ាងប្រកិតនៅតំណែងម្ចាស់ជើងឯករដូវកាលនេះ ដែលក្រុមទាំងពីរត្រូវស្វែងរកលទ្ធផលឈ្នះឱ្យបានដាច់ខាតនៅ៣ និង៤ ប្រកួតដែលនៅសល់របស់ពួកគេ។

រំលឹកផងថា Arsenal បានរង់ចាំការលើកពាន PL គិតចាប់តាំងពីពួកគេធ្វើឈ្នះពាន PL មាស នៅរដូវកាល២០០៣-០៤ ដែលលេងមិនចាញ់ពេញ ១រដូវកាលនោះ នាមជាក្រុមឈ្នះពាននេះបាន ៣លើកក្នុងរដូវកាលឈ្នះ Premier League និងសរុប ១៣លើកទាំងនៅលីគមានឈ្មោះ (First Division) ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Mikel Arteta ដែលត្រូវស្វែងរកការឈ្នះទាំង ៣ប្រកួតដែលនៅសល់ខាងមុខនោះ។

Man City ស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola បានបន្តបើកការប្រកួតប្រជែងយ៉ាងខ្លាំង ក្នុងការរកឱកាសឈានទៅរកការឈ្នះពាន PL ជាលើកទី៤ ជាប់ៗគ្នា ខណៈជាក្រុមឈ្នះពាននេះបាន ៧លើកផងដែរ។

សម្រាប់ ៣ប្រកួតរបស់ Arsenal ត្រូវជួបមានក្រុម Bournemouth, Man United និងក្រុម Everton ពេលដែល ៤ប្រកួតរបស់ Man City ត្រូវប៉ះមានក្រុម Wolves, Fulham, Tottenham Hotspur និងក្រុម West Ham United ដែលពួកគេត្រូវការឈ្នះយ៉ាងដាច់ខាត៕