(បារីស)៖ ក្រុមបាល់ទាត់ Paris Saint Germain បានលើកពានរង្វាន់លីគបារាំង Ligue 1 រដូវកាល ២០២៣-២៤ ជាផ្លូវការហើយ ក្រោយពេលក្រុមឈរលេខ២ Monaco បានលេងចាញ់ក្រុម Lyon ៣-២ ក្នុងប្រកួតទី៣១ ដ្បិតនៅសល់តែ ៣ប្រកួតត្រូវបញ្ចប់។

នេះជាការលើកពានលីគបារាំង Ligue 1 ជាលើកទី៣ ជាប់ៗគ្នា សម្រាប់ក្រុម PSG និងសរុបជាលើកទី១២ ក្នុងប្រវត្តិសាស្ត្រក្លិបនេះផងដែរ ដែលគិតក្នុងរដូវកាលនេះ PSG មានពិន្ទុលើសដាច់ដល់ទៅ ១២ពិន្ទុ ពីក្រុមលេខ២ Monaco ក្នុងការប្រកួតរដូវកាលនេះ។

នេះជាការឈ្នះពានលីគបារាំងលើកទី១ សម្រាប់លោក Luis Enrique ក្នុងការដឹកនាំក្រុម PSG ខណៈឥឡូវនេះនឹងបង្វែរការយកចិត្តទុកដាក់ការប្រជែងពានធំមួយទៀត ក្នុងការឈានទៅរកការឈ្នះពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប គឺពាន UEFA Champions League ដែលក្លាយជាលើកទី១ របស់ក្លឹប ពេលដែលពួកគេត្រូវជួបក្រុម Borussia Dortmund នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខែក្រោយនេះ។

ខណៈរដូវកាលនេះ ខ្សែប្រយុទ្ធ Kylian Mbappe នឹងក្លាយជាម្ចាស់ពានឯកត្តជន ស្បែកជើងមាសប្រចាំរដូវកាលនេះ ដែលកំពុងរកបាន ២៦គ្រាប់ហើយ ជាមួយគូប្រជែង Jonathan David រកបានត្រឹម ១៧គ្រាប់ ដែលនៅសល់ ៣ប្រកួតទៀតប៉ុណ្ណោះ៕