(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Micron Technology ត្រូវបានគេរាយការណ៍មកថា ជាក្រុមហ៊ុនដែលទទួលបានមូលនិធិចុងក្រោយបំផុត ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្រោមច្បាប់ CHIPS and Science Act ជាមួយនឹងការផ្តល់ជូនរហូតដល់ទៅ ៦.១៤ពាន់លានដុល្លារឯណោះ។ ដើម្បីគាំទ្រដល់ការពង្រីករោងចក្រ (fabs) សម្រាប់ផលិតបន្ទះឈីប DRAM (Dynamic random-access memory) របស់ខ្លួននៅទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ជុំវិញការផ្តល់ជូននេះ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC និង Samsung ក៏បានទទួលការឧបត្ថម្ភធនស្រដៀងគ្នាកាលពីដើមខែនេះផងដែរ។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ផែនការរបស់ Micron ដែលធ្លាប់ប្រកាសបង្ហាញកន្លងមករួមមាន កាវិនិយោគលើសពី ១០០ពាន់លានដុល្លារនៅក្នុងទីក្រុងញូវយ៉ក និងបង្កើតការងារជាងថ្មី ១៣,០០០ នៅក្នុងដំណើរការនេះ។ ការផ្តល់មូលនិធិថ្មី ក៏ត្រូវបានកំណត់ផងដែរដើម្បីដោះសោការវិនិយោគចំនួន ២៥ពាន់លានដុល្លារនៅក្នុង DRAM fab ដាច់ដោយឡែកនៅ Boise រដ្ឋ Idaho នៅជិតទីស្នាក់ការកណ្តាលរបស់ Micron និងរោងចក្រ R&D។

គួរជម្រាបដែរថា ការវិនិយោគថ្មីនេះ គឺជាផ្នែកមួយនៃផែនការទូលំទូលាយក្នុងការនាំយក ៤០ភាគរយនៃផលិតកម្ម DRAM របស់ Micron ទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ បន្ទះឈីប DRAM ឈានមុខគេរបស់ Micron បច្ចុប្បន្នត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន និងតៃវ៉ាន់៕