(លីវើភូល)៖ ហង្សក្រហម Liverpool បានព្រមព្រៀងគ្នាក្នុងការបង់សំណង ១១.៧៤លានដុល្លារទៅឱ្យក្លិប Feyenoord របស់ហូឡង់ ជាថ្នូរនឹងការផ្តាច់កិច្ចសន្យា ដើម្បីយកលោក Arne Slot មកដឹកនាំបន្តពីលោក Jurgen Klopp ចាប់ពីរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះមានន័យថា បុរសវ័យ ៤៥ឆ្នាំខាងលើនេះ នឹងក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិរបស់ Liverpool ចាប់រដូវកាលឆ្នាំ២០២៤-២០២៥ បន្តតំណែងពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Jurgen Klopp ដែលបានប្រកាសលាឈប់កាលពីខែមករា នៅពេលចប់រដូវកាលនេះពីកីឡដ្ឋាន Anfield។

កន្លងមក លោក Arne Slot ក៏ធ្លាប់ដឹកនាំក្លិបហូឡង់ ២ផ្សេងទៀតផងដែររួមមាន SC Cambuur និង AZ Alkmaar មុនមកដឹកនាំក្លិបស្ថិតក្នុងទីក្រុង Rotterdam គឺ Feyenoord នេះឯង ដែលដណ្តើមបានជើងឯកលីគកំពូល Eredivisie ក្នុងរដូវកាល ២០២២-២០២៣ និងឈ្នះពានលំដាប់ទី២ Dutch Cup រដូវកាលនេះ ដោយរំពឹងបញ្ចប់ក្នុងតំណែងលេខ២ ក្នុងលីគនារដូវកាលនេះដែរ។

ក្បួនដឹកនាំតាមបែបទម្រង់ប្រយុទ្ធរបស់លោក Slot រួមទាំងបុគ្គលិកលក្ខណៈ និងសមត្ថភាពអភិវឌ្ឍន៍កីឡាករ ជាកត្តាដែលញាំងឱ្យ Liverpool សម្រេចជ្រើសរើសលោកមកដឹកនាំ៕