(ក្រុងឡុងដ៍)៖ កញ្ជ្រោងខៀវ Leicester City ទទួលបានកៅអី១ ដើម្បីឡើងមកលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League សម្រាប់រដូវកាលក្រោយឆ្នាំ២០២៤-២០២៥ វិញ នៅពេលក្រុមលេខ២ Leeds United បានលេងចាញ់ម្ចាស់ផ្ទះ Queens Park Rangers ៤-០ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លទ្ធផលនេះវាបានធ្វើឱ្យ Leicester អតីតជើងឯក Premier League កាលឆ្នាំ២០១៦ នាំមុខកំពូលតារាងដាច់ដល់ទៅ ៤ពិន្ទុដែលមាន ៩៤ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃ បើធៀបនឹង Leeds ដែលមានតែ ៩០ពិន្ទុនោះ ប្រចាំសប្តាហ៍ទី៤៥។

ពួកគេនឹងត្រៀមលើកពាននៃក្របខណ្ឌទី២ Championship ម្តងទៀត គិតចាប់តាំងពីឆ្នាំ២០១៥ ដោយរំពឹងរកបាន ១០០ពិន្ទុផងដែរ ដ្បិតនៅសល់ ២ប្រកួត មុនពេលបិទរដូវកាលឆ្នាំ២០២៣-២០២៤ នេះ មុនពេលត្រូវបានកាត់ចេញពី Premier League នារដូវកាលមុនមក។ Leicester នឹងប្រកាសជ័យជម្នះជើងឯកពាន Championship តែម្តងនៅរាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ ប្រសិនបើលេងឈ្នះក្នុងផ្ទះ Preston ហើយក្រុមលេខ៣ ដែលមាន ៨៩ពិន្ទុ Ipswich Town លេងចាញ់ Hull City នៅរាត្រីថ្ងៃសៅរ៍នេះ។

Ipswich នឹងទទួលបានកៅអីឡើងទៅលេង Premier League ដោយស្វ័យប្រវត្តិដូច Leicester ដែរ ប្រសិនបើរកបាន ៥ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលនៅសល់របស់ពួកគេ៕