(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសជាផ្លូវការ អំពីការរៀបចំការប្រកួតកីឡាបាល់ទះ ៤ស្មើ ដណ្ដើមពានរង្វាន់ Special Volleyball Cup 2024 ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋទូទាំង ២៥រាជធានី-ខេត្ត ខណៈក្រុមកីឡាករបរទេស ក៏អាចចូលរួមការប្រកួតនេះបានដែរ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការរៀបចំដ៏ភ្ញាក់ផ្អើល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះទូទាំងប្រទេស ជាមួយនឹងការពាំនាំនូវការប្រកួតទៅដល់ភូមិឋានរបស់ខ្លួន តាមរយៈការប្រកួត Special Volleyball Cup 2024 ដែលបែងចែកជា ៥ភូមិភាគ មុនចម្រាញ់ក្រុមខ្លាំងៗ ធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ចំពោះកម្មវិធីប្រកួតតាមភូមិភាគធំៗទាំង៥ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ទី១-ភូមិភាគបាត់ដំបង មានការចូលរួមពីខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ។ ទី២-ភូមិភាគសៀមរាប មានការចូលរួមពីខេត្តសៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារ។ ទី៣-ភូមិភាគកំពង់ចាម មានការចូលរួមពីខេត្តក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាម។

ទី៤-ភូមិភាគព្រៃវែង មានការចូលរួមពីខេត្តកណ្ដាល និងម្ចាស់ផ្ទះព្រៃវែង ព្រមទាំងបណ្ដាខេត្តនៅជាប់ភូមិផងរបងជាមួយនឹងព្រៃវែង និងទី៥-ភូមិភាគខេត្តព្រះសីហនុ មានការចូលរួមពីខេត្តកំពង់ស្ពឺ ព្រះសីហនុ កែប កំពត និងកោះកុងជាដើម។ បន្ទាប់មកក្រុមជយលាភីលេខ១ និងលេខ២ ប្រចាំភូមិភាគនីមួយៗ នឹងទទួលបានកៅអីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅមណ្ឌលរាជធានីភ្នំពេញ ដែលមានបេក្ខភាពក្រុមឈរលេខ១ ដល់លេខ៦ ក្នុងតេជោលីគ ឈរចាំ ដើម្បីប្រកួតដណ្ដើមជើងឯក អមប្រាក់រង្វាន់ ៥០លានរៀលទៀតផង។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា អ្វីដែលពិសេស ក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើ សហព័ន្ធក៏នឹងផ្ដល់លទ្ធភាពទៅដល់ក្រុមកីឡាករជាជនបរទេស មានន័យថាបណ្ដាក្រុមដែលជាជនជាតិបរទេស ក៏អាចបង្កើតក្រុមមានសមាជិក ៦នាក់ គឺអាចចូលរួមប្រកួតបានដូចគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬមកពីប្រទេសណាឡើយ គឺអាចបង្កើតក្រុម និងចូលរួមការប្រកួតពានរង្វាន់ Special Volleyball Cup 2024 បាន។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា «គោលបំណងនៃការរៀបចំនេះ ទី១-គឺផ្ដល់ឱកាសទៅដល់អត្តពលិកដែលជាយុវជនបន្តរវេនឲ្យពួកគាត់មានឱកាសក្នុងការបង្ហាញនូវសមត្ថភាព ទេពកោសល្យ នៅលើទីលានប្រកួតជាក់ស្ដែង។ ទី២-គឹជាសារមួយដែលផ្ដល់ទៅឲ្យអ្នកលេងក្រៅប្រព័ន្ឋ ពីព្រោះព្រឹត្តការណ៍មួយនេះគឺជាការប្រកួត 4x4 ដូច្នេះហើយយើងនឹងខំកែទៅដល់មហាជនដែលលេងបាល់ក្រៅប្រព័ន្ឋងាកមកលេងបាល់ស្តង់ដារវិញ និងទី៣-គឺបង្កើតព្រឹត្តិការណ៍កីឡាទៅដល់ភូមិឋានរបស់យុវជនរបស់យើង»

ទន្ទឹមជាមួយការជូនដំណឹងអំពីការបង្កើតពាន Special Volleyball Cup 2024 សហព័ន្ធក៏បានអំពាវនាវដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ទូទាង ២៥រាជធានី-ខេត្ត ក៏ដូចជាកីឡាករបរទេសដែលចង់ចូលរួមប្រកួត គឺអាចដាក់ពាក្យចូលរួមប្រកួតតាមបណ្ដាភូមិភាគខាងលើ ខណៈការទទួលពាក្យនឹងត្រូវបញ្ចប់នាថ្ងៃទី១៣ ខែកុម្ភៈ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នឹងធ្វើឡើងនាថ្ងៃទី២២-២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ៕