(ភ្នំពេញ)៖ ជាការពិតណាស់ ការប្រកាសសាលក្រមនៅចំពោះមុខគូភាគី គឺពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យបាននូវសុក្រឹត្យភាព យុត្តិធម៌ និងស្របទៅតាមបញ្ញត្តិច្បាប់ ។ ប៉ុន្តែ ប្រសិនបើសាលក្រមត្រូវបានប្រកាសដោយកំបាំងមុខជនណាមួយ នោះច្បាប់ក៏បើកសិទ្ធិឱ្យប្តឹងទាស់បានផងដែរ ពោលគឺប្តឹងឱ្យតុលាការដដែលសម្រេចសេចក្តីម្តងទៀត ទៅលើអង្គហេតុនៃសំណុំរឿងដដែលនោះ ។

ជាក់ស្តែងដូចជាភាគីពិរុទ្ធជនជាដើម ដែលមិនបានចូលបង្ហាញខ្លួននៅពេលសវនាការ ហើយគ្មានភស្តុតាងបង្ហាញឱ្យឃើញថា សាមីខ្លួនដឹងពីដីកាបញ្ជូនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅទេ ខ្លួនអាចធ្វើបណ្ដឹងទាស់ទៅនឹងសាលក្រមនោះបាន តែក៏ត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួនដែលច្បាប់បានកំណត់ផងដែរ ។

តើការធ្វើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខដែលធ្វើឡើងដោយពិរុទ្ធជនត្រូវធ្វើយ៉ាងដូចម្តេចខ្លះនោះ?

សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខដែលធ្វើឡើងដោយពិរុទ្ធជន» មកធ្វើការបកស្រា យជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

ជាទូទៅ ទោះបីជាច្បាប់បានបើកសិទ្ធិឱ្យពិរុទ្ធជនក្នុងការប្តឹងទាស់ទៅនឹងសាលក្រមកំបាំងមុខក៏ដោយ ក៏ការប្ដឹងទាស់នោះ ត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួនដែលបានកំណត់នៅក្នុងមាត្រា ៣៦៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងមាត្រា ៣៦៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មនៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ ដែលមានខ្លឹមសារដូចតទៅ៖

១៖ បណ្តឹងទាស់ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬនៅចំពោះមុខព្រះរាជអាជ្ញា អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ឬនៅចំពោះមុខប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ។

២៖ បណ្តឹងទាស់ត្រូវធ្វើនៅក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយផ្តើមគិតពីថ្ងៃជូនដំណឹងអំពីសាលក្រមកំបាំងមុខ កាលណាសាលក្រមត្រូវបានប្រគល់ឱ្យពិរុទ្ធជនដោយផ្ទាល់ដៃ ឬពីថ្ងៃដែលពិរុទ្ធជននេះបានដឹងយ៉ាងពិតប្រាកដអំពីសាលក្រម កាលណាសាលក្រមនេះ មិនបានប្រគល់ឱ្យដល់ពិរុទ្ធជនដោយផ្ទាល់ដៃទេ ។ ពិរុទ្ធជនត្រូវចាត់ទុកថាបានដឹងយ៉ាងពិតប្រាកដអំពីសាលក្រម ក្នុងករណីដែលនីតិវិធីនៃការឱ្យដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ដីកាកោះហៅ ដីកាជូនដំណឹង និង ដីកាឱ្យដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការជាដើម ។

យ៉ាងណាមិញចំពោះការប្តឹងទាស់ អាចប្តឹងទាស់ទៅលើសាលក្រមទាំងមូលក៏បាន ឬត្រឹមកម្រិតនៃសេចក្តីសម្រេចផ្នែករដ្ឋប្បវេណីក៏បាន គ្រាន់តែមានអានុភាពខុសគ្នា ។ ប្រសិនបើប្តឹងទាស់ទៅលើសាលក្រមទាំងមូល សាលក្រមត្រូវបានចាត់ទុកថា ជាអសារបង់ ដោយការអនុវត្តសាលក្រមត្រូវបានព្យួរ ប៉ុន្តែដីកាបង្គាប់ឱ្យចាប់ខ្លួននៅតែមានអានុភាព ។

ដោយឡែក ប្រសិនបើប្តឹងទាស់តែទៅលើសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី មានតែសេក្តីសម្រេចផ្នែកនេះប៉ុណ្ណោះដែលត្រូវបានចាត់ទុកជាអសារបង់ ។
ក្រោយពីតុលាការពិនិត្យមើលភាពអាចទទួលបាននៃបណ្តឹងទាស់ហើយ តុលាការនឹងសម្រេចលើអង្គសេចក្តីជាថ្មីម្ដងទៀត ដោយភាគីទាំងអស់នឹងត្រូវបានកោះហៅតាមគំនិតផ្តើមរបស់ព្រះរាជអាជ្ញា ។ ប៉ុន្តែ ប្រសិនបើអ្នកប្តឹងទាស់ដែលជាពិរុទ្ធជន ត្រូវបានកោះហៅដោយត្រឹមត្រូវ ហើយមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ តុលាការនឹងប្រកាសថាបណ្តឹងទាស់នោះ នឹងទុកជាឯកសារឥតបានការ ហើយសាលក្រមដែលប្តឹងទាស់មិនអាចកែប្រែបានទេ ។

សរុបសេចក្តីមក ការប្តឹងទាស់ចំពោះសាលក្រមកំបាំងមុខដែលធ្វើឡើងដោយពិរុទ្ធជន គឺត្រូវធ្វើឡើងដោយគោរពទៅតាមលក្ខខណ្ឌទម្រង់ ក៏ដូចជារយៈពេលនៃការប្តឹងទាស់ផងដែរ ទើប តុលាការអាចទទួលបណ្តឹងទាស់នោះបាន ។ យ៉ាងណាមិញ នៅពេលដែលខ្លួនបានប្តឹងទាស់ហើយ អ្នកប្តឹងទាស់ត្រូវតែចូលបង្ហាញខ្លួននៅពេលសវនាការ ពុំនោះទេ បណ្តឹងទាស់នោះនឹងក្លាយទៅជាឯកសារឥតបានការ ។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា ឈិន ឆាយអ៊ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com (http://www.cicfirm.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕