(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធី ថ្នាក់ទី១២ ជំនាន់ទី១៨ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២,១១២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា (២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

លោកបន្តថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។

ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។

ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ បន្តការសិក្សារៀនសូត្របន្ថែមទៀត នៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារ ការងារជាមួយ បណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,១១២នាក់ នាពេលនោះផងដែរ៕

http://image.freshnewsasia.com/2021/id-154/fn-2024-01-27-15-14-18-16.JPG http://image.freshnewsasia.com/2021/id-154/fn-2024-01-27-15-14-19-17.JPG http://image.freshnewsasia.com/2021/id-154/fn-2024-01-27-15-14-21-18.JPG http://image.freshnewsasia.com/2021/id-154/fn-2024-01-27-15-14-22-19.JPG