(ភ្នំពេញ)៖ យោងតាមស្ថានភាពសង្គមសព្វថ្ងៃ ប្រជាពលរដ្ឋទូទៅមិនថាអាជីវករ អ្នកជំនួញ ឬអ្នកធ្វើការ តែងតែទិញទំនិញដោះដូរផលរបរអ្វីមួយ គឺពួកគេតែងតែជៀសមិនផុតពីការបង្កើតកិច្ចសន្យាទេ ។ ការបង្កើតកិច្ចសន្យាទាំងនោះគ្រាន់តែមានសំណើ និងស្វីការត្រូវគ្នាគឺគ្រប់គ្រាន់ហើយ ប៉ុន្តែកិច្ចសន្យាខ្លះមានច្រើនរូបភាព ច្រើនទម្រង់ អាស្រ័យទៅលើឆន្ទៈការព្រមព្រៀងរបស់គូភាគី ។

នៅក្នុងករណីដែលបង្ហាញឆន្ទៈមានវិការៈ ឬខ្លឹមសារនៃសកម្មភាពផ្ទុយនឹងច្បាប់ ឬភាពត្រឹមត្រូវនៅក្នុងសង្គមនឹងត្រូវបានបដិសេធដោយក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ។ ដើម្បីឱ្យកិច្ចសន្យាមួយមានសុពលភាព ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌទម្រង់ និងលក្ខខណ្ឌគ្រឹះ ។

ដូចនេះ តើលក្ខខណ្ឌទម្រង់ និងលក្ខខណ្ឌគ្រឹះមានសុពលភាព និងមានអានុភាពអនុវត្តយ៉ាងណា ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី លក្ខខណ្ឌក្នុងការបង្កើតកិច្ចសន្យា ដើម្បីមកធ្វើការផ្សព្វផ្សាយជូនសាធារណជន និងនិសិ្សត ដូចខាងក្រោម។

កិច្ចសន្យា គឺជាការព្រមព្រៀងគ្នារវាងមនុស្ស ២ នាក់ ឬច្រើននាក់ដែលកើតចេញពីឆន្ទៈដើម្បីរំលត់ ឬកែប្រែកាតព្វកិច្ចអ្វីមួយ។ តាមធម្មតាកិច្ចសន្យាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ កិច្ចសន្យានោះត្រូវធ្វើឡើងដោយផ្ទាល់មាត់ ។ នៅក្នុងមាត្រា ៣៣៦ នៃក្រមរដ្ឋប្បវេណីបានឱ្យនិយមន័យថា៖ កិច្ចសន្យាមានអានុភាពដោយសារតែសំណើ និងស្វីការត្រូវគ្នា ។

ដូចនេះដើម្បីឱ្យសំណើ និងស្វីការមានសុពលភាពអនុវត្តត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

១. លក្ខខណ្ឌទម្រង់

ចំពោះលក្ខខណ្ឌទម្រង់នេះពុំមានកំណត់ទម្រង់ច្បាស់លាស់ទេ ហើយក្នុងជីវភាពប្រចាំថ្ងៃ កិច្ចសន្យាផ្ទាល់មាត់នេះត្រូវបានគេយកមកអនុវត្តជាប្រចាំទៅលើសកម្មភាពតូចតាចនានា ព្រោះកិច្ចសន្យានេះមានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័សក្នុងការអនុវត្ត ប៉ុន្តែអាចផ្ដល់ភាពលំបាកក្នុងការដោះស្រាយនៅពេលដែលមានវិវាទកើតឡើង ។ ម៉្យាងវិញទៀតនៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ តម្រូវឱ្យកិច្ចសន្យាមួយចំនួន ត្រូវតែធ្វើជាលិខិតយថាភូត ទើបបង្កើតឱ្យកិច្ចសន្យានោះមានសុពលភាព ។

ឧទាហរណ៍៖ (ក) ជាអ្នកទិញ បានសួរ (ខ) ជាអ្នកលក់ថា តើកាបូបមួយនេះមានតម្លៃប៉ុន្មាន? (ខ) បានឆ្លើយតបថា កាបូបនេះមានតម្លៃ ១០.០០០៛ (មួយម៉ឺនរៀល) ហើយបន្ទាប់មក (ក) ក៏ប្រគល់លុយ ហើយ (ខ) ក៏ប្រគល់កាបូប (នេះជាលក្ខខណ្ឌទម្រង់ ដែលងាយៗក្នុងការអនុវត្តប្រចាំថ្ងៃ) ។ បើក្រឡេកទៅមើលទម្រង់លាយលក្ខណ៍អក្សរវិញ កិច្ចសន្យាធ្វើឡើងដោយលាយលក្ខណ៍អក្សរ គឺជាកិច្ចសន្យាដែលត្រូវបានធ្វើឡើងដោយគូភាគីនៃកិច្ចសន្យា ដែលជាទូទៅនៅក្នុងកិច្ចសន្យាមានសរសេរកាលបរិច្ឆេទ ស្នាមម្រាមដៃ អំពីតម្លៃ ពេលវេលា និងកម្មវត្ថុនៃកិច្ចសន្យាជាដើម ។

២.លក្ខខណ្ឌគ្រឹះ (ច្បាប់សារធាតុ)

ក្នុងលក្ខខណ្ឌគ្រឹះនេះ គេពិចារណាទៅលើកិច្ចសន្យាដែលមានលក្ខណៈស្មុគស្មាញ ហើយប្រសិនបើខ្វះលក្ខខណ្ឌ សុពលភាពណាមួយ កិច្ចសន្យានោះមិនមានអានុភាពតាំងពីដំបូង ឬអាចត្រូវមោឃៈ និងលុបចោលតាំងពីដើម ។ លក្ខខណ្ឌសុពលភាពនេះ គឺលក្ខខណ្ឌទាក់ទងទៅនឹងភាគី និងលក្ខខណ្ឌទាក់ទងទៅនឹងខ្លឹមសារ ។

២.១ លក្ខខណ្ឌទាក់ទងទៅនឹងភាគី
កិច្ចសន្យាមានអានុភាពលុះត្រាតែសំណើ និងស្វីការត្រូវគ្នា ។

*ភាគីត្រូវមានសមត្ថភាពទទួលសិទ្ធិ៖ សំដៅទៅលើស្ថានភាពមនុស្សម្នាក់ៗ ក្នុងការទទួលបាននូវសិទ្ធិ ដូចជាសិទ្ធិក្នុងការបង្កើតកិច្ចសន្យា សិទ្ធិ ទទួលបានមរតក សិទ្ធិទាមទារសំណងការខូចខាតជាដើម ។

*ភាគីត្រូវមានសមត្ថភាពខាងឆន្ទៈ៖ សំដៅលើភាគីដែលមានសមត្ថភាពអាចយល់ដឹង និងវិនិច្ឆ័យបានអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន បើពុំមានឆន្ទៈ សកម្មភាពនោះ អាចនឹងត្រូវលុបចោលបាន ។

*ភាគីត្រូវមានសមត្ថភាពក្នុងការធ្វើសកម្មភាព៖ សំដៅលើជនដែលត្រូវបានកម្រិតសមត្ថភាពគឺ អនីតិជន ជននៅ

*ក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ៖ កិច្ចសន្យាដែលបង្កើតឡើងក្រៅពីជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព គឺមានសុពលភាពពេញលេញ ប្រសិនបើពុំមានមូលហេតុផ្សេងទៀតដែលនាំឱ្យមោឃៈ ឬមូលហេតុដែលអាចលុបចោលកិច្ចសន្យានេះ ។

*ការបង្ហាញឆន្ទៈគ្មានវិការៈ៖ សំដៅទៅលើការបង្ហាញឆន្ទៈដែលមានសុពលភាព ដែលជាលក្ខខណ្ឌដើម្បីឱ្យកិច្ចសន្យាមានអានុភាពចងកាតព្វកិច្ចគូភាគី ។ ក្នុងករណី ធ្វើឡើងដោយការភាន់ច្រឡំ ដោយការឆបោក ឬការគំរាមកំហែង ឬបង្ហាញឆន្ទៈមិនពិតរបស់ភាគីម្ខាងទៀត កិច្ចសន្យាអាចត្រូវបានលុបចោល ដោយសារមានវិការៈក្នុងការបង្ហាញឆន្ទៈ ។

២.២ លក្ខខណ្ឌទាក់ទងទៅនឹងខ្លឹមសារកិច្ចសន្យា

*ការបង្ហាញឆន្ទៈ៖ កិច្ចសន្យាអាចមានសុពលភាពបានលុះត្រាតែមានការបង្ហាញឆន្ទៈពិត មានន័យថាបើកិច្ចសន្យាធ្វើឡើងដោយគ្មានការបង្ហាញឆន្ទៈពីភាគីពិតប្រាកដទេ ត្រូវចាត់ទុកជាមោឃៈ ។

*ភាពច្បាស់លាស់៖ ប្រសិនបើកិច្ចសន្យាមានភាពមិនច្បាស់លាស់ វានឹងនាំឱ្យមោឃៈ ព្រោះខ្លឹមសារនៃកាតព្វកិច្ចក្នុងកិច្ចសន្យាមិនអាចយកទៅអនុវត្តបាន ។

*ភាពស្របច្បាប់៖ ប្រសិនបើខ្លឹមសារនៃកិច្ចសន្យា ផ្ទុយនឹងបញ្ញតិ្តច្បាប់ នោះវាត្រូវបានចាត់ទុកជាមោឃៈ ។

*ភាពសមស្របតាមស្ថានភាពសង្គម៖ សំដៅទៅលើភាពមិនផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទំលាប់ល្អរបស់សង្គម មានន័យថា ទោះបីជាគូភាគីបង្ហាញឆន្ទៈដោយគ្មានវិការៈក៏ដោយ ក៏កិច្ចសន្យាត្រូវបានចាត់ទុកជាមោឃៈដែរ ប្រសិនបើខ្លឹមសារនៃកិច្ចសន្យាផ្ទុយពីស្ថានភាពសង្គម និងទំនៀមទំលាប់ល្អ ។

សរុបសេចក្តីមក ដើម្បីឱ្យភាគីនៃកិច្ចសន្យាបានបង្ហាញឆន្ទៈពិតរបស់ខ្លួន ចាំបាច់ត្រូវតែមានការយល់ដឹង នឹងស្វែងយល់ឱ្យបានច្បាស់ពីលក្ខខណ្ឌ នៃការបង្កើតកិច្ចសន្យា ។ លក្ខខណ្ឌនៃការបង្កើតកិច្ចសន្យាមានសារៈសំខាន់ណាស់ ដោយសារកិច្ចសន្យាកើតចេញពីឆន្ទៈពិតប្រាកដរបស់ភាគីដែលមានបំណងក្នុងការបង្កើតកាតព្វកិច្ចសម្រាប់ផលប្រយោជន៍ និងជៀសវាងកំហុសកើតឡើងដោយចេតនា និងអចេតនាណាមួយដោយសារមិនគោរពតាមលក្ខខណ្ឌ។ ដូចច្នេះប្រសិនបើកិច្ចសន្យាដែលបានបង្កើតហើយ ឬ/និងកំពុងតែបង្ហាញឆន្ទៈក្នុងការបង្កើតមានវិការៈ អាចជាមូលហេតុនាំឱ្យមានមោឃៈ ឬការលុបចោលកិច្ចសន្យានោះបាន។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ឃាន លក្ខិណា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕