(អាមេរិក)៖ គ្រូបង្វឹកផ្នែកតន្រ្តីព្យាណូដ៏ល្បីនៅកម្ពុជា និងជាអ្នកដឹកនាំកូនខ្មែរចំនួន១៣រូប ចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នៅសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ «Chicago Music Award» បានសម្ដែងក្ដីរំពឹងខ្ពស់ចំពោះជោគជ័យ ក្នុងការដណ្ដើមពានរង្វាន់ពីកម្មវិធី យកមកជូនជាតិមាតុភូមិវិញ ក្រោយការប្រកួតនៅថ្ងៃនេះ និងថ្ងៃស្អែក។ ជាការពិតនៅថ្ងៃទី១៨ និង១៩ ខែកក្កដានេះ កុមារខ្មែរចំនួន១៣រូប ក្រោមការដឹកនាំរបស់លោក សូ ស្រណោះ នឹងធ្វើការប្រកួតប្រជែងផ្នែកព្យាណូជាផ្លូវការហើយ ជាមួយបេក្ខភាពមកពីជាង ៦០ប្រទេសផ្សេងទៀត ដែលទៅដណ្ដើមយកពានដូចគ្នា នៅលើទឹកដីអាមេរិក។

លោក សូ ស្រណោះ បានប្រកាសពីទឹកដីអាមេរិកឲ្យដឹងទៀតថា ពានរង្វាន់ «Chicago Music Award» ដែលកំពុងធ្វើឡើងនៅអាមេរិកនេះ ក្នុងចំណោមកូនខ្មែរទាំង១៣រូប នឹងមានមួយចំនួន អាចដណ្ដើមបានពានមាស, ប្រាក់ និងសំរិទ្ធិ ដោយលោកសំអាងថា ក្នុងចំណោមពួកគេ គឺមានច្រើននាក់មកហើយដែលឈ្នះពានផ្នែកព្យាណូ ក្នុងការប្រកួតអន្តរជាតិ នៅសិង្ហបុរី និងវៀតណាម។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងពេលនេះ គឺមានតែការត្រៀមខ្លួនប៉ុណ្ណោះ ហើយបើដូចនឹងការព្យាករណ៍ទុករបស់លោក គឺពិតជាមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជា ដែលមានបេក្ខភាពចេញទៅប្រកួតលើកដំបូង ក្នុងកម្មវិធីមួយនេះ។ នៅក្នុងពេលនេះ រូបលោកនិងបេក្ខភាពទាំងអស់ បានត្រៀមខ្លួនគ្រប់គ្រាន់ហើយនៅលើទឹកដីអាមេរិក ក្រោយពីបានធ្វើដំណើរទៅដល់។

សូមបញ្ជាក់ថា ពិតជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់កុមារា-កុមារី ជាកូនខ្មែររហូតដល់១៣រូប ត្រូវបានទទួលសិទ្ធិចេញទៅប្រកួតក្នុងកម្មវិធី «Shicago Music award» នៅសហរដ្ឋអាមេរិក ដោយការប្រកួតតន្ត្រីព្យាណូលំដាប់ពិភពលោកមួយនេះ គឺត្រូវបានលោក សូ ស្រណោះ ដែលជាគ្រូបង្វឹក បង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាអាចបញ្ជូនបេក្ខភាព តំណាងជាតិឲ្យទៅប្រកួតបានយ៉ាងរលូន។

ក្រោយពីទទួលបានសិទ្ធិក្នុងការបញ្ជូនកូនខ្មែរ ឲ្យចេញទៅប្រកួតនៅអាមេរិកលោក សូ ស្រណោះ ក៏បានប្រកួតជ្រើសរើស និងមានការប្រកួតប្រជែងជាច្រើនដំណាក់កាល ទម្រាំសម្រិតសម្រាំងបានបេក្ខបេក្ខនារីឆ្នើម ដើម្បីដាក់ស្នើទៅកាន់គណកម្មការ។

ជាលទ្ធផលក្រោយពេលថតវីដេអូអ្នកឆ្នើមៗ ដាក់ស្នើទៅកាន់អាមេរិក បេក្ខភាពតំណាងឲ្យកម្ពុជាចំនួន១៧រូប ក៏ត្រូវបានគណកម្មការសម្រេចឲ្យទៅប្រកួត ប៉ុន្តែក្នុងនោះមានបេក្ខភាព ៤រូប បានបោះបង់ការប្រកួត ដោយមានតែ១៣នាក់ប៉ុណ្ណោះ តំណាងឲ្យជាតិចេញទៅប្រកួតដណ្ដើមពានរង្វាន់។

កូនខ្មែរទាំង១៣នាក់នេះ នឹងចូលរួមប្រកួតតែវិញ្ញាសារលេងព្យាណូប៉ុណ្ណោះ ដោយលោករំពឹងថា អាចនឹងទទួលបានជោគជ័យ ក្នុងការដណ្ដើមពានរង្វាន់ពីកម្មវិធី យកមកជូនជាតិមាតុភូមិវិញ ហើយគេនឹងកាន់តែស្គាល់ពីកម្ពុជា លើជំនាញតន្ត្រី។ លោកថា ក្មេងៗទាំងនេះ តូចៗតែមានសមត្ថភាពខ្ពស់ ដូច្នេះហើយទើបលោកសម្រេចចិត្តបញ្ជូនឲ្យទៅប្រកួត តំណាងឲ្យកម្ពុជាទាំងមូល៕