(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន Apple គ្រោងនាំយកសមទ្ធិផលរយៈពេល ៦ឆ្នាំរបស់ខ្លួនក្នុងការបង្កើតបច្ចេកវិទ្យាអេក្រង់ផ្ទាល់ខ្លួន microLED ទៅបំពាក់នៅលើកំណែ Apple Watch Ultra ជាលើកដំបូងនៅឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រភពពី Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple បានចាប់ផ្តើមគម្រោងបង្កើតអេក្រង់ microLED របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ គោលបំណងបង្កើតអេក្រង់នេះ គឺផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗជាច្រើនរួមមាន ការកំណត់ពន្លឺ ទំហំមុំអេក្រង់ និងរូបភាពប្រសើជាងមុន។ លើសពីនេះទៅទៀត Apple ក៏មានបំណងកាត់បន្ថយការពឹងផ្អែកទៅលើក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនដូចជា Samsung និង LG ផងដែរ។

តែយ៉ាងណាបន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Apple Watch Ultra ឆ្នាំ២០២៤ ខាងមុខនេះ លោក Gurman រំពឹងថាអេក្រង់ microLED ផ្ទាល់ខ្លួនរបស់ Apple នឹងត្រូវបានពង្រីកដល់ iPhone, iPad និង Mac របស់ខ្លួនជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់ត្រកូល Mac អាចនឹងចំណាយពេលយូរជាងមួយទស្សវត្សរ៍ដើម្បីលេចចេញរូបរាង ទាំងនេះក៏ដោយសារតែភាពស្មុគ្រស្មាញនៃបច្ចេកវិទ្យាមួយចំនួនដែល Apple កំពុងតែសិក្សា៕