(អាមេរិក)៖ បើនិយាយទៅដល់រឿង «Pivates of the Caribbean ឬចោរសមុទ្រ» គេតែងតែនឹកឃើញដល់តួសម្តែងប្រុសដ៏ល្បី គឺលោក Johnny Depp ដែលត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន Disney ដកតំណែងចេញពីវគ្គទី៦ នៃសិទ្ធិផ្តាច់មុខ រឿង «ចោរសមុទ្រនេះ» បន្ទាប់ពីមានរឿងអាស្រូវជាមួយអតីតភរិយា។ អ្វីដែលគេចង់ដឹងនោះថា តើ Johnny Depp អាចត្រឡប់មកសម្ដែងនៃវគ្គចុងក្រោយ នៃរឿងនេះបានដែរឬទេ?
បើតាមផលិតករភាពយន្តហូលីវូដ លោក Jerry Bruckheimer បានសារភាពថា សិទ្ធិផ្តាច់មុខនៃភាពយន្តនេះ មិនអាចពេញលេញទេ ប្រសិនបើគ្មានការរួមបញ្ចូល Depp ក្នុងនាមជាតួ Jack Sparrow។ និយាយទៅកាន់ Hollywood Reporter ផលិតកររូបនេះបានលើកឡើង អំពីការសរសេរចេញពីតួឯករបស់ Johnny ដោយនិយាយថា «អ្នកមិនអាចទេ។ យើងព្យាយាមដោយគ្មានគាត់ តែវាមិនដំណើរការទេ»។
ផលិតកររូបនេះបាននិយាយប្រាប់កាសែត The Hollywood Reporter ថា «ខ្ញុំចង់ឲ្យគាត់នៅក្នុងខ្សែភាពយន្ត។ គាត់ជាមិត្តភ័ក្តិ តារាសម្តែងដ៏អស្ចារ្យ ហើយវាជារឿងគួរឲ្យសោកស្ដាយ ដែលជីវិតផ្ទាល់ខ្លួនរបស់លោក បានចូលទៅក្នុងរារាំងការងារគ្រប់យ៉ាងដែលយើងកំពុងធ្វើ»។ តែយ៉ាងណា នៅពេលសួរថា តើ Depp អាចត្រឡប់មកសម្តែងរឿងនេះបានទេ ផលិតកររូបនេះស្រាប់តែឆ្លើយតបវិញថា «រូបលោកផ្ទាល់គ្មានចម្លើយសម្រាប់សំណួរនេះទេ»។
គួរជម្រាបថា បទសម្ភាសន៍របស់ផលិតករខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Depp នឹងត្រឡប់មកសម្តែងក្នុងនាមជា Jack Sparrow ក្នុងរឿង «Pivates of the Caribbean 6» វិញ។ តែយ៉ាងណា Johnny Depp ធ្លាប់បាននិយាយថា លោកនឹងមិនធ្វើការជាមួយ Disney ម្តងទៀតទេ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុននេះធ្វើឲ្យលោកមានអារម្មណ៍ថា ខ្លួនមានកំហុស និងថែមទាំងបានដកលោកចេញពីតំណែងក្នុងវគ្គទី៦ នៃសិទ្ធិផ្តាច់មុខ «Pivates of the Caribbean»៕