(ភ្នំពេញ)៖ នៅក្នុងកិច្ចសន្យាខ្ចីបរិភោគ (កិច្ចសន្យាខ្ចីប្រាក់) ក្រៅពីការព្រមព្រៀងគ្នាយកការប្រាក់ និងការប្រាក់យឺតយ៉ាវពីកូនបំណុល ដូចជាខ្ចីប្រាក់ចំនួន $10,000 យកការប្រាក់ 10%/ឆ្នាំ (ស្មើនឹង $1,000/ឆ្នាំ) ការប្រាក់យឺតយ៉ាវ 15%/ឆ្នាំ (ស្មើនឹង $1,500/ឆ្នាំ) ជាដើម មានករណីដែលម្ចាស់បំណុល អាចយកការប្រាក់លើការប្រាក់ផងដែរ ហៅថា «ការប្រាក់សមាស» ។
ដើម្បីឱ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី ការប្រាក់សមាស មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។
១៖ តើអ្វីទៅជាការប្រាក់សមាស?
ការប្រាក់សមាស គឺជាការប្រាក់ដែលបូកបញ្ចូលទៅក្នុងប្រាក់ដើមបាន ហើយក្លាយជាប្រាក់ដើមនៅឆ្នាំបន្ទាប់ ក្នុងករណីដែលកូនបំណុល មានការយឺតយ៉ាវមិនបានបង់ការប្រាក់សម្រាប់រយៈពេលចាប់ពី 1 ឆ្នាំឡើងទៅ ទោះបីជាម្ចាស់បំណុលបានដាស់តឿនឱ្យសងក៏ដោយ។
ឧបមាថា នៅថ្ងៃទី01 ខែមករា ឆ្នាំ2019 ម្ចាស់បំណុល A បានឱ្យកូនបំណុល B ខ្ចីប្រាក់ចំនួន $10,000 និងព្រមព្រៀងគ្នាឱ្យកូនបំណុលបង់ការប្រាក់ចំនួន 10%/ឆ្នាំ (ស្មើនឹង $1,000) នៅរៀងរាល់ថ្ងៃទី01 ខែមករា នៃឆ្នាំនីមួយៗ។ កិច្ចសន្យានេះ មានរយៈពេល 3 ឆ្នាំ គិតចាប់ពីថ្ងៃទី01 ខែមករា ឆ្នាំ2019 ដល់ថ្ងៃទី01 ខែមករា ឆ្នាំ2022។ ប៉ុន្តែកូនបំណុលមិនបានបង់ការប្រាក់អស់រយៈពេលជាង 1 ឆ្នាំ ទោះបីជាម្ចាស់បំណុលបានដាសតឿនឱ្យបង់ក៏ដោយ ក្នុងករណីនេះ ម្ចាស់បំណុលអាចយកការប្រាក់សមាសបាន មានន័យថា អាចបូកបញ្ចូលការប្រាក់ដែលមិនទាន់បង់នោះ ទៅក្នុងប្រាក់ដើមសម្រាប់ឆ្នាំទី2 បាន។
២៖ ដើម្បីអាចទាមទារការប្រាក់សមាសបាន តើម្ចាស់បំណុលត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ការបូកបញ្ចូលការប្រាក់ទៅក្នុងប្រាក់ដើម នាំឱ្យប្រាក់ដើមនៅឆ្នាំបន្ទាប់មានការកើនឡើង ហើយដោយសារតែ ប្រាក់ដើមកាន់ឡើង នាំឱ្យចំនួនសរុបនៃការប្រាក់ប្រចាំឆ្នាំ ក៏ត្រូវកើនឡើងផងដែរ បណ្តាលឱ្យកូនបំណុលទទួលខុសត្រូវចំពោះកាតព្វកិច្ចកាន់តែច្រើន ហេតុនេះ ច្បាប់បានកំណត់លក្ខខណ្ឌមួយចំនួន ហើយប្រសិនបើ លក្ខខណ្ឌទាំងនោះត្រូវបានបំពេញ ទើបម្ចាស់បំណុលអាចយកការប្រាក់សមាសបាន។
* ១ កូនបំណុលមិនបានបង់ការប្រាក់ ចាប់ពី 1 (មួយ) ឆ្នាំឡើងទៅ
* ២ ម្ចាស់បំណុលបានធ្វើការដាស់តឿនឱ្យសង ប៉ុន្តែកូនបំណុលនៅតែមិនសង
* ៣ ម្ចាស់បំណុលបង្ហាញឆន្ទៈយកការប្រាក់សមាស។
ផ្អែកតាមឧទាហរណ៍ខាងលើ កូនបំណុលមិនបានបង់ការប្រាក់អស់រយៈពេលជាង ១ ឆ្នាំ ហើយម្ចាស់បំណុលបានធ្វើការដាស់តឿនឱ្យបង់ (ដល់ថ្ងៃបង់ការប្រាក់ហើយ សូមបង់) ម្ចាស់បំណុលប្រាប់ទៅកូនបំណុលថា ខ្លួនយកការប្រាក់សមាស (បូកការប្រាក់ដែលមិនបានបង់ចូលក្នុងប្រាក់ដើម) នាំឱ្យម្ចាស់បំណុលអាចទាមទារការប្រាក់សមាសបាន។
៣៖ តើការប្រាក់សមាស ត្រូវគណនាដូចម្តេច?
ការប្រាក់សមាស ត្រូវគណនាដោយយកការប្រាក់ដែលមិនបានបង់ បូកបញ្ចូលនឹងប្រាក់ដើម។ ផ្អែកតាមឧទាហរណ៍ខាងលើ យើងអាចធ្វើការគណនាបែបសាមញ្ញថា៖
* ១ នៅឆ្នាំទី 1 (ថ្ងៃទី01.01.2019 ដល់ថ្ងៃទី01.01.2020) ប្រាក់ដើមមានចំនួន $10,000 ការប្រាក់ 10% = $1,000 ប៉ុន្តែកូនបំណុលមិនបង់ការប្រាក់អស់រយៈពេលជាង 1 ឆ្នាំ ទោះបីជាម្ចាស់បំណុលបានដាស់តឿនឱ្យបង់ក៏ដោយ នាំឱ្យម្ចាស់បំណុលយកការប្រាក់សមាស (បញ្ចូលការប្រាក់ទៅក្នុងប្រាក់ដើម) នៅឆ្នាំទី 2។
* ២ នៅឆ្នាំទី 2 (ថ្ងៃទី01.01.2020 ដល់ថ្ងៃទី01.01.2021) ប្រាក់ដើមមានចំនួន $11,000 (ប្រាក់ដើម $10,000 + ការប្រាក់ដែលមិនបានបង់ $1,000) ហើយនៅឆ្នាំទី 2 នោះ កូនបំណុលត្រូវបង់ការប្រាក់ផងដែរ គឺ 10% នៃប្រាក់ដើម $11,000 ស្មើនឹង $1,100 ហេតុនេះ នៅឆ្នាំទី 2 ប្រាក់ដើមកើនឡើងចំនួន $11,000 និងការប្រាក់ដែលកូនបំណុលត្រូវបង់គឺ $1,100។
* ៣ នៅឆ្នាំទី 3 (ថ្ងៃទី01.01.2021 ដល់ថ្ងៃទី01.01.2022) ប្រាក់ដើមមានចំនួន $12,100 (ប្រាក់ដើមក្នុងឆ្នាំទី 2 $11,000 + ការប្រាក់ក្នុងឆ្នាំទី 2 ដែលមិនបានបង់ $1,100) ហើយនៅឆ្នាំទី 3 នោះ កូនបំណុលត្រូវបង់ការប្រាក់ 10% នៃប្រាក់ដើម $12,100 ស្មើនឹង $1,210 ហេតុនេះ នៅឆ្នាំទី 3 ប្រាក់ដើមបានបន្តកើនឡើងចំនួន $12,100 ហើយការប្រាក់ដែលកូនបំណុលត្រូវបង់គឺ $1,210។
ប៉ុន្តែដើម្បីមានភាពងាយស្រួលក្នុងការគណនា នៅពេលដែលការប្រាក់សមាសមានចំនួនកាន់តែច្រើននោះ យើងអាចប្រើរូបមន្ត៖ ដោយហើយ = តម្លៃនាពេលអនាគត (Future Value), = តម្លៃដើម (Principal Value), = អត្រាការប្រាក់ក្នុងមួយឆ្នាំ, = ការបង់ការប្រាក់, t = អំឡុងពេល (time), = ការប្រាក់សមាស (Compound Interest) ។
៤៖ ក្នុងករណីកំណត់ពេលសងបានមកដល់ កូនបំណុលមិនបានសងប្រាក់ដើម តើម្ចាស់បំណុលអាចទាមទារអ្វីខ្លះ?
ក្នុងករណី កំណត់ពេលសងប្រាក់ដើមបានមកដល់ ប្រសិនបើ កូនបំណុលមិនសងប្រាក់ទេ ម្ចាស់បំណុលអាចទាមទារប្រាក់ដើម ដែលជាលទ្ធផលនៃការយកការប្រាក់សមាស។ ផ្អែកតាមឧទាហរណ៍ខាងលើ ប្រាក់ដើមមានចំនួន $13,310 (ប្រាក់ដើមក្នុងឆ្នាំទី 3 $12,100 + ការប្រាក់ក្នុងឆ្នាំទី 3 ដែលមិនបានបង់ $1,210) និងអាចទាមទារការប្រាក់យឺតយ៉ាវ។
ក្នុងករណីនេះ ភាគីមិនបានព្រមព្រៀងគ្នាកំណត់អត្រាការប្រាក់យឺតយ៉ាវទេ ប៉ុន្តែបានព្រមព្រៀងគ្នាកំណត់អត្រាការប្រាក់ 10%/ឆ្នាំ ហេតុនេះ ផ្អែកតាមច្បាប់ ការប្រាក់យឺតយ៉ាវ អាចទាមទារបាន 10%/ឆ្នាំនៃប្រាក់ដើម $13,310 គិតចាប់ពីថ្ងៃយឺតយ៉ាវ (ថ្ងៃទី02.01.2022) រហូតដល់ថ្ងៃដែលម្ចាស់បំណុលទទួលបានការសងគ្រប់ចំនួន៕
រៀបរៀងដោយ៖ កញ្ញាមេធាវី ឈុំ មុនីសុជាតា
មេធាវីនៃក្រុមមេធាវី ជេ ស៉ី អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់