(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ៣រូប ចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship - Abu Dhabi 2022 នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ។ បេសកកម្មនេះ ដឹកនាំដោយលោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធ រួមជាមួយប្រតិភូ និងគ្រូ ៣នាក់ផ្សេងទៀត ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កីឡាករ-កីឡាការិនីកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺមានកីឡាករ ហួរ សេងហុង, ថន អេនដ្រូ និងវីរកីឡាការិនីម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា ដោយអ្នកទាំងបី នឹងត្រូវប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ដូចគ្នា តែក្នុងប្រភេទទម្ងន់ខុសគ្នា ។

សម្រាប់កីឡាការិនីកូនកាត់ ៣សាសន៍ខ្មែរ-អាមេរិក-ម៉ិចស៊ិក ខាន់ ចេសា នឹងត្រូវប្រកួតនាថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ ក្នុងប្រភេទទម្ងន់ក្រោម ៥២គីឡូក្រាម ។ រីឯកីឡាករ ហួរ សេងហុង ត្រូវប្រកួតទម្ងន់ក្រោម ៦៩គីឡូក្រាម និងកីឡាករ ថន អេនដ្រូ ត្រូវប្រកួតទម្ងន់ក្រោម ៦២គីឡូក្រាម នាថ្ងៃទី០៣ ខែវិច្ឆិកាដូចគ្នា ។

លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធ បានចាត់ទុកបេសកកម្មនេះ គឺជាការប្រកួតមួយដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីជឺជីតស៊ូកម្ពុជា សម្រាប់ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

គួរដឹងថា ព្រឹត្តិការណ៍ Ju-Jitsu World Championship - Abu Dhabi 2022 នេះ បានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៨ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ដោយមានកីឡាករ-កីឡាការិនីជើងខ្លាំងជុំវិញពិភពលោកជាច្រើនចូលរួម ។ ប៉ុន្ដែកីឡាករ-កីឡាការិនីកម្ពុជា នឹងធ្វើការប្រកួតរយៈពេល ២ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី០២-០៣ ខែវិច្ឆិកានេះ ៕