(បរទេស)៖ យោងតាមការវិភាគរបស់ក្រុមហ៊ុន Omdia បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលជាលទ្ធផលអាក្រក់មួយបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ។ ខណៈលទ្ធផលនេះអាចនឹងកាន់តែអាក្រក់ជាងនឹងទៅទៀតបើធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ការដាក់លក់ស្មាតហ្វូនទូទាំងសកលលោកក្នុងរយៈពេល៣ ខែកន្លងទៅនេះមានចំនួនសរុបប្រហែល ២៩៣.៧លានគ្រឿង ដែលជាចំនួនធ្លាក់ចុះដ៏ខ្លាំងបើធៀបនឹងចំនួន ៣០៧.៧លានគ្រឿងនៅក្នុងត្រីមាសដើមឆ្នាំ និងចំនួន ៣០៣.៣លានគ្រឿងកាលពីត្រីមាសទី១ ឆ្នាំ២០២១។
បើយោងតាមតារាងរបាយការណ៍បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូង Samsung ជាអ្នកនាំមុខគេនៅក្នុងត្រីមាសអំឡុងខែមេសា ដល់ខែ មិថុនា ជាមួយនឹងការដាក់លក់ស្មាតហ្វូនសរុបចំនួន ៦២.២លានគ្រឿងឯណោះ។ ខណៈលទ្ធផលនេះធ្វើឱ្យ Samsung ក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងចំណោមក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple ដែលដាក់លក់បានត្រឹមចំនួន ៤៨.៩លានគ្រឿងប៉ុណ្ណោះ។
យ៉ាងណាបើតាមការបញ្ជាក់ពី Omdia សម្រាប់លទ្ធផលនេះបានឱ្យដឹងថា ការកើនឡើងរបស់ Samsung ក្នុងស្ថានភាពដ៏លំបាកនេះបានមកពីត្រកូលស្មាតហ្វូន Galxy A13 និង Galaxy S22 ដែលបានជម្រុញឱ្យទីផ្សារពិភពលោកកើនឡើងខ្ពស់។ ចំណែកឯ Apple វិញត្រូវបានគេរាយការណ៍បានមកពីស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនគឺ iPhone 13 តែមួយគត់ជាអ្នកជម្រុញទីផ្សារក្នុងស្ថានភាពដ៏តឹងតែងនេះ។
គួរបញ្ជាក់ដែរថា របាយកាណ៍ត្រីមាសទី២ នៃឆ្នាំ២០២២នេះ បានបង្ហាញពីក្រុមហ៊ុនផលិតស្មាតហ្វូនពិភពលោកចំនួន ១០ ដោយក្នុងនោះ Xiaomi, Oppo, Vivo ឈរនៅលេខរៀងទី៣, ៤, ៥រៀងគ្នាជាមួយនឹងការធ្លាក់ចុះខ្ទង់ ២០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែល Realme ឈរនៅលេខរៀងទី៧ ជាមួយនឹងការធ្លាក់ចុះខ្ទង់ ២ភាគរយ។ ដោយឡែកក្រុមហ៊ុន Motorola វិញឈរនៅលេខរៀងទី ៧ជាមួយនឹងកំណើន ១៩.៨ភាគរយ និង Tecno ឈរនៅលេខរៀងទី៩ ជាមួយនឹងកំណើន ២២.៥ភាគរយ រីឯក្រុមហ៊ុនចុងក្រោយគេនោះគឺ Honor ឈរនៅលេខរៀងទី៦ ជាមួយនឹងកំណើនកើនឡើងខ្ពស់បើធៀបនឹងឆ្នាំមុនៗ។
សរុបជារួមមក យោងតាមការវិភាគរបស់ Omdia គឺមានតែក្រុមហ៊ុន ៣ប៉ុណ្ណោះដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការកើនឡើងរបស់ Honor រហូតដល់ខ្ទង់ ១២៥.៤ភាគរយនៅឆ្នាំនេះ ជាមួយនឹងការដាក់លក់ស្មាតហ្វូនចំនួន ១៥.១លានគ្រឿង៕