(កូរ៉េ)៖ ការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់យុវជននៅក្នុងប្រទេសកូរ៉េខាងត្បូង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ខណៈបុរសដែលមានវ័យចាប់ពី ១៨ទៅ២៨ឆ្នាំ គឺចាំបាច់ចូលហ្វឹកហាត់ផ្នែកយោធារយៈពេល២ឆ្នាំ។ យ៉ាងណាមិញ សម្រាប់ក្រុមចម្រៀងបុរសដ៏ល្បីរបស់ប្រទេសនេះ គឺ BTS កំពុងស្ថិតក្នុងដំណាក់កាលមួយដ៏តានតឹង និងមានការពិភាក្សាគ្នាកាន់តែក្តៅឡើង បន្ទាប់ពីក្រុមនេះប្រកាសផ្អាកសកម្មភាពជាក្រុមនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

ទោះបីកាតព្វកិច្ចចូលបម្រើយោធា គឺតម្រូវឲ្យបុរសគ្រប់រូបអនុវត្តន៍ក៏ដោយ ក៏មានការលើកលែងផងដែរ ពោលគឺក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បុរសមួយចំនួនទទួលបានការលើកលែង រួមមានលើកលែងឲ្យពន្យាពេលក្នុងរយៈពេលជាក់លាក់មួយ ឬត្រូវបានអនុញ្ញាតឱ្យចូលយោធារយៈពេលខ្លីជាងការកំណត់ ខណៈអ្នកដែលបានចូលក្នុងលក្ខខណ្ខលើកលែង គឺរួមមានបុរសដែលឈ្នះមេដាយនៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឬកីឡាអាស៊ី និងតន្ត្រីករបុរាណ និងអ្នករាំដែលឈ្នះរង្វាន់កំពូលៗ។ បន្ថែមពីនេះ ក្រោមការកែសម្រួលច្បាប់ កាលពីឆ្នាំ ២០១៩កន្លងទៅ បានកំណត់ថា តារា K-pop ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានអនុញ្ញាតឱ្យពន្យាពេលការចូលកាតព្វកិច្ចយោធាបាន រហូតដល់ពួកគេមានអាយុ៣០ឆ្នាំ។

យ៉ាងណាមិញ បច្ចុប្បន្ននេះសភាកូរ៉េខាងត្បូងកំពុងតែពិភាក្សាគ្នា ដើម្បីមានការលើកលែងមួយ សម្រាប់តារា K-POP ដោយអនុញ្ញាតឲ្យពួកគេចូលយោធាក្នុងរយៈពេលតែ ៣សប្តាហ៍ប៉ុណ្ណោះ។ សម្រាប់ក្រុម BTS លោក Jin គឺជាសមាជិកដែលមានវ័យច្រើនជាងគេ គឺ២៩ឆ្នាំ ខណៈលទ្ធផលនៃការពិភាក្សារបស់សភា គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ Jin។ ពាក់ព័ន្ធនឹងការងារនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS ក៏ធ្លាប់បាននិយាយម្តងហើយថា ក្រុមនេះចង់បំពេញកាតព្វកិច្ចរបស់ពួកគេ ពោលគឺចូលបម្រើយោធាពេញ២ឆ្នាំតែម្តង។ ប្រសិនបើអនុវត្តតាមច្បាប់ បានន័យថា Jin នឹងបាត់វត្តមានពីក្រសែភ្នែកមហាជនរយៈពេល២ឆ្នាំ ក៏ប៉ុន្តែចំពោះករណីរបស់គេ គឺកំពុងស្ថិតក្រោមការពិភាក្សារបស់សភា។

លោក Yoon Sang-Hyun សមាជិកសភា ដែលបានស្នើវិសោធនកម្មច្បាប់ ដើម្បីឲ្យមានការបញ្ចូលការ បណ្តុះបណ្តាលផ្នែកយោធារយៈពេល៣សប្តាហ៍សម្រាប់តារា K-pop នោះ បាននិយាយថា «សម្រាប់ Jin និងសមាជិកក្រុម BTS ផ្សេងទៀត ការរង់ចាំសេចក្តីសម្រេចរបស់សភា គឺជាពេលវេលាមួយដ៏តានតឹងសម្រាប់ពួកគេ ហើយនេះជាហេតុផលដែលពួកគេ ត្រូវការពេលសម្រាកពីការសម្តែង»។ លោកបន្តថា «សមាជិកក្រុម បានលើកឡើងពីការហត់នឿយ និងត្រូវការពេលវេលាដើម្បីសម្រាក មូលហេតុចម្បង គឺដោយសារការចូលយោធារបស់ Jin»។ នេះបើតាមលោក Yoon ប្រាប់ Reuters។

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុម BTS បានបង្កើនប្រជាប្រិយភាពជាបន្តបន្ទាប់ រហូតក្លាយជាក្រុមចម្រៀង K-POP ដែលទទួលស្គាល់ទូទាំងពិភពលោក។ BTS បានក្លាយជាក្រុមចម្រៀងដំបូងបង្អស់នៅអាស៉ី ដែលបានឈ្នះពានរង្វាន់ «Artist of the Year» នៅកម្មវិធី «American Music Awards» កាលពីឆ្នាំមុន ហើយពួកគេបានជួបប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមានក្នុងខែឧសភាកន្លងទៅនេះផងដែរ ដើម្បីពិភាក្សាអំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាស៊ី។

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកូរ៉េ បាន ចង្អុល បង្ហាញទៅ លើ លក្ខខណ្ឌដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ សម្រាប់ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ បំពេញ កាតព្វកិច្ច ការពារ ប្រទេស ដោយបានសង្កត់ធ្ងន់ថា «ការបញ្ចូលសិល្បករនៅក្នុងវិស័យចម្រៀងប៉ុប ចូលក្នុងផ្នែកនៃបុគ្គលិកសិល្បៈ និងកីឡាករ ដែលមានសិទ្ធិទទួលជូនជាតិ ដើម្បីឲ្យទទួលបានការលើកលែង គឺតម្រូវឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីធានាឲ្យបាននូវយុត្តិធម៌»

បុរសម្នាក់ឈ្មោះ Seo Chang-jun អាយុ ២០ឆ្នាំ បាននិយាយថា លោកបានយល់ថាហេតុអ្វីបានជាអ្នកឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក ទទួលបានការលើកលែង ប៉ុន្តែលោកមិនច្បាស់អំពីករណីរបស់ BTS ទេ។ លោកបានប្រាក់ Reuters ថា កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍ជាតិ ដែលប្រជាជនកូរ៉េគ្រប់រូបគាំទ្រក្រុមតំណាងជាតិតែមួយយ៉ាងពេញទំហឹងក៏ ប៉ុន្តែប្រជាជនកូរ៉េគ្រប់រូប មិនប្រាកដថា សុទ្ធតែជាអ្នកគាំទ្ររបស់ BTS តែមួយនោះទេ៕