(បរទេស)៖ ព្រឹត្តិការណ៍ WWDC 2022 ថ្មីនេះ ក្រុមហ៊ុន Apple បានបង្ហាញប្រតិបត្តិការ iOS 16 ថ្មីដែលនឹងមកដល់ឆាប់ៗនេះ ខណៈប្រតិបត្តិការនេះនឹងធ្វើឱ្យ iPhone ស៊េរីមុនៗនឹងជួបបញ្ហាប្រឈមជាច្រើន ដោយវានឹងមិនអនុញ្ញាតឱ្យម៉ូដែល iPhone 7 ចុះក្រោម ធ្វើការអាប់ដេតឡើយ មានន័យថាចាប់ពី iPhone SE ជំនាន់ទី១, iPhone 6s, iPhone 6s Plus, iPhone 7 និង iPhone 7 Plus ហ្នឹងឯង។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
ជាទម្លាប់របស់ Apple នៅពេលដែលវាចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ខ្លួននោះ វានឹងទុកឧបករណ៍ចាស់ៗ (ស៊េរីមុនៗ) មួយចំនួនរបស់ខ្លួនចោលដោយមិនអនុញ្ញាតឱ្យមានការអាប់ដេតនោះឡើយ។ ជាក់ស្តែងនៅពេលដែល iOS 16 មកដល់នៅកំឡុងខែកញ្ញាខាងមុខនេះ វានឹងអាចអាប់ដេតបានសម្រាប់តែ iPhone 8 និងជំនាន់ក្រោយៗទៀតប៉ុណ្ណោះ ពោលគឺឧបករណ៍មួយចំនួនដែលដំណើរការ Version 15 ចាប់ពី iPhone 7 ចុះក្រោមនឹងមិនអាចអាប់ដេតបានឡើយ ហើយវានឹងជួបនូវបញ្ហាមួយចំនួន។
បើនិយាយពីបញ្ហាដែល iPhone ម៉ូដែលចាស់ៗ ពោលគឺជំនាន់ iPhone 7 ចុះក្រោម អាចនឹងជួបនោះគឺរួម មាន ការប្រើប្រាស់ឆាប់អស់ថ្ម ឬសាកថ្មក្រពេញ, មិនអាចធ្វើការអាប់ដែតជំនាន់ថ្មីៗរបស់កម្មវិធី ឬហ្គេម ជាពិសេស គឺសេវាកម្ម និងមុខងារមួយចំនួនត្រូវបានបិទចោលតែម្ដង៕