(ភ្នំពេញ)៖ ជាទូទៅប្រជាពលរដ្ឋភាគច្រើនធ្លាប់បានដឹង និងស្គាល់អំពីការបញ្ចាំ ដែលត្រូវបានអនុវត្ដប្រចាំថ្ងៃក្នុងជីវភាពរស់នៅក្នុងសង្គម ។ នៅក្នុងនោះឃើញថា មានប្រជាពលរដ្ឋមួយចំនួនធ្លាប់បានអនុវត្ដនូវសកម្មភាពនៃការដាក់បញ្ចាំនេះ និងមួយចំនួនទៀតបានយកសកម្មភាពនៃការបញ្ចាំនេះ ធ្វើជាមុខរបរអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួនផងដែរ ។
ទោះបីជាសកម្មភាពនៃការបញ្ចាំត្រូវបានអនុវត្ដជាប្រចាំថ្ងៃយ៉ាងនេះក្ដី ក៏ប៉ុន្ដែឃើញថាប្រជាពលរដ្ឋមួយចំនួន គឺនៅពុំទាន់បានស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹង «សិទ្ធិលើការបញ្ចាំ» បានច្បាស់នៅឡើយទេ ។
តើអ្វីទៅជាសិទ្ធិលើការបញ្ចាំ? តើសិទ្ធិលើការបញ្ចាំមានអានុភាពយ៉ាងដូចម្ដេច?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «សិទ្ធិលើការបញ្ចាំ» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
យោងតាមក្រមរដ្ឋប្បវេណី សិទ្ធិលើការបញ្ចាំ គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស (សិទ្ធិលើវត្ថុដាក់ធានា)។ សិទ្ធិលើការបញ្ចាំ គឺជាសិទ្ធិមួយដែលផ្ដល់ឱ្យម្ចាស់បំណុល (ភាគីទទួលបញ្ចាំ) មានសិទ្ធិកាន់កាប់វត្ថុ (ចលនវត្ថុ ឬអចលនវត្ថុ ឬសិទ្ធិលើវត្ថុ) ដែលកូនបំណុល (អ្នកដាក់បញ្ចាំ) ឬតតិយជន (ជនក្រៅពីភាគីនៃកិច្ចសន្យា) បានប្រគល់ (ផ្ទេរការកាន់កាប់) ជូនម្ចាស់បំណុល ដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន (យកមកដាក់បញ្ចាំ) ហើយម្ចាស់បំណុលអាចទទួលការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
សិទ្ធិលើការបញ្ចាំត្រូវបង្កើតឡើងដោយកូនបំណុល ឬតតិយជន ប្រគល់នូវវត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំទៅឱ្យម្ចាស់បំណុល ដើម្បីទទួលបានសិទ្ធិលើបំណុល ហើយលុះត្រាតែម្ចាស់បំណុល យល់ព្រមនឹងការបង្កើតសិទ្ធិនោះដែរ។ មានន័យថា ការបញ្ចាំអាចកើតឡើងបានដោយការព្រមព្រៀងរបស់ភាគី មិនទាមទារឱ្យមានទម្រង់ពិសេសណាមួយឡើយ។ ហើយការដែលតម្រូវឱ្យអ្នកបង្កើតសិទ្ធិលើការបញ្ចាំ (កូនបំណុល ឬតតិយជន) ប្រគល់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យការបញ្ចាំមានអានុភាព ព្រោះថាច្បាប់បានហាមឃាត់អ្នកបង្កើតសិទ្ធិនោះ មិនឱ្យកាន់កាប់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំដោយផ្ទាល់ឡើយ។
សិទ្ធិលើការបញ្ចាំ ត្រូវធានានូវប្រាក់ដើម ការប្រាក់ ប្រាក់ធានាសងក្នុងករណីមិនគោរពកិច្ចសន្យា សោហ៊ុយដើម្បីអនុវត្តសិទ្ធិលើការបញ្ចាំ សោហ៊ុយដើម្បីថែរក្សាវត្ថុបញ្ចាំ ព្រមទាំងសំណងនៃការខូចខាតដែលកើតឡើង ដោយសារការមិនអនុវត្តកាតព្វកិច្ច ឬ វិការៈកំបាំងនៃវត្ថុបញ្ចាំ។
សិទ្ធិលើការបញ្ចាំមានអានុភាព នាំឱ្យម្ចាស់សិទ្ធិអាចឃាត់ទុកវត្ថុបញ្ចាំបាន រហូតដល់ពេលដែលបានទទួលការសងចំពោះសិទ្ធិលើបំណុល។ លើសពីនេះទៀត សិទ្ធិលើការបញ្ចាំ មានអានុភាពធ្វើឱ្យម្ចាស់សិទ្ធិនេះ មានអាទិភាពជាងម្ចាស់សិទ្ធិលើបំណុលផ្សេងទៀត ចំពោះការធានាបំណុលទៅលើវត្ថុបញ្ចាំ និងការទទួលសំណងពីផលដោយមានអាទិភាពទៀតផង។
ប៉ុន្តែ ម្ចាស់សិទ្ធិនោះ ក៏ត្រូវមានកាតព្វកិច្ចកាន់កាប់វត្ថុបញ្ចាំដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ហើយដោយសារករណីយកិច្ចគ្រប់គ្រងវត្ថុនេះ ម្ចាស់សិទ្ធិលើការបញ្ចាំក៏អាចទាមទារឱ្យម្ចាស់កម្មសិទ្ធិនៃវត្ថុបញ្ចាំសងសោហ៊ុយចំពោះការចំណាយសម្រាប់គ្រប់គ្រង និងថែរក្សាវត្ថុបញ្ចាំផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ច្បាប់បានហាមឃាត់ចំពោះការបង្កើតកិច្ចសន្យាបញ្ចាំផ្ដាច់ ដោយមិនអនុញ្ញាតឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ អាចទទួលបានកម្មសិទ្ធិលើវត្ថុនៃការបញ្ចាំឡើយ ប្រសិនបើពុំមានកំណត់ដោយច្បាប់ ។
លើសពីនេះទៅទៀត ម្ចាស់សិទ្ធិលើការបញ្ចាំ ក៏អាចយកកម្មវត្ថុនៃសិទ្ធិនោះ ទៅដាក់បញ្ចាំបន្តទៀតបាន ក៏ប៉ុន្ដែត្រូវ ទទួលការយល់ព្រមពីម្ចាស់កម្មសិទ្ធិនៃវត្ថុបញ្ចាំ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ម្ចាស់កម្មសិទ្ធិនោះ ឬក៏ពុំចាំបាច់មានការយល់ព្រមនោះទេ ប្រសិនបើកម្មវត្ថុនៃការបញ្ចាំនោះ ស្ថិតក្រោមការទទួលខុសត្រូវរបស់ម្ចាស់សិទ្ធិលើការបញ្ចាំផ្ទាល់ រួមទាំងការទទួលខុសត្រូវចំពោះការខូចខាត ដោយប្រធានសក្ដិដែលមិនអាចកើតមានឡើង ប្រសិនបើមិនមានការដាក់បញ្ចាំបន្តទេនោះ។
ចំពោះការលក្ខខណ្ឌនៃការតតាំងនៃសិទ្ធិលើការបញ្ចាំ គឺម្ចាស់សិទ្ធិលើការបញ្ចាំ អាចតតាំងសិទ្ធិរបស់ខ្លួននឹងតតិយជនបាន ប្រសិនបើម្ចាស់សិទ្ធិនោះបានកាន់កាប់ជានិរន្តរ៍នូវវត្ថុបញ្ចាំនោះ។ ក្នុងករណី វត្ថុបញ្ចាំដែលម្ចាស់សិទ្ធិបានកាន់កាប់ ត្រូវបានដកយកដោយនរណាម្នាក់នោះ ម្ចាស់សិទ្ធិនោះអាចទាមទារវត្ថុមកវិញបាន តាមរយៈបណ្ដឹងទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ។ ម្ចាស់សិទ្ធិលើការបញ្ចាំ អាចប្រើប្រាស់វត្ថុបញ្ចាំត្រឹមតែកម្រិតដែលចាំបាច់តែប៉ុណ្ណោះ ប៉ុន្តែក៏អាចប្រើប្រាស់ដោយសេរី និងជួលវត្ថុនោះបានផងដែរ ប្រសិនបើកូនបំណុលយល់ព្រម ពុំនោះទេ កូនបំណុលអាចទាមទារឱ្យរំលត់សិទ្ធិលើការបញ្ចាំបាន។
ក្នុងករណីដែលដល់ពេលកំណត់សង ម្ចាស់សិទ្ធិលើការបញ្ចាំមិនបានទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនទេនោះ ម្ចាស់សិទ្ធិនោះ អាចទាមទារទៅតុលាការឱ្យយកវត្ថុបញ្ចាំមកសងផ្ទាល់តែម្ដង លុះត្រាតែមានមូលហេតុត្រឹមត្រូវ និងបានជូនដំណឹងអំពីការទាមទារនោះ ទៅកូនបំណុលជាមុនសិន។ ក្នុងករណី ដែលតម្លៃនៃវត្ថុបញ្ចាំនោះមានតម្លៃលើសសិទ្ធិលើបំណុលនោះ ម្ចាស់បំណុលត្រូវសងចំនួនតម្លៃដែលនៅសល់ទៅម្ចាស់កម្មសិទ្ធិនៃវត្ថុបញ្ចាំវិញ។ ប្រសិនបើបានបង្កើតសិទ្ធិលើការបញ្ចាំទៅលើចលនវត្ថុតែមួយ ចំពោះសិទ្ធិលើបំណុលច្រើន នោះលំដាប់នៃសិទ្ធិលើការបញ្ចាំ ត្រូវអនុលោមតាមពេលវេលាដែលបានបង្កើតសិទ្ធិនោះ។
រីឯសិទ្ធិលើការបញ្ចាំអចលនវត្ថុវិញ ម្ចាស់សិទ្ធិនេះ អាចតតាំងសិទ្ធិរបស់ខ្លួនចំពោះតតិយជនបាន ប្រសិនបើបានធ្វើកិច្ចសន្យាបង្កើតសិទ្ធិលើការបញ្ចាំ ដោយលិខិតយថាភូត និងបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី ដោយអនុវត្តដូចគ្នា ពាក់ព័ន្ធនឹងនីតិវិធីនៃការចុះបញ្ជីហ៊ីប៉ូតែក ។ ហើយគេអាចប្រើប្រាស់ និងអាស្រ័យផលលើវត្ថុបញ្ចាំខាងលើបាន តាមវិធីប្រើប្រាស់នៃអចលនវត្ថុនោះ ដោយចេញសោហ៊ុយក្នុងការកាន់កាប់ និងថែរក្សាអចលនវត្ថុនោះដោយខ្លួនឯង ហើយក៏មិនអាចទាមទារការប្រាក់នៃសិទ្ធិលើបំណុលរបស់ខ្លួនផងដែរ លើកលែងតែក្នុងករណីភាគីទាំងសងខាង មានការសន្យាពិសេស នៅក្នុងសកម្មភាពបង្កើតសិទ្ធិលើការបញ្ចាំ។ ចំពោះអំឡុង ពេលនៃសិទ្ធិលើការបញ្ចាំក្នុងការសន្យាពិសេសវិញនោះ គឺមិនអាចលើសពី ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែអាចបន្តរយៈពេលទៀតបាន។
ចំណែកឯការបញ្ចាំសិទ្ធិ គឺជាការណ៍ដែលកូនបំណុលយកសិទ្ធិលើបំណុលរបស់ខ្លួន ដែលមានចំពោះកូនបំណុលទី៣ ទៅដាក់បញ្ចាំឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ ដើម្បីធានាបំណុល។ ក្នុងករណីនេះ ម្ចាស់សិទ្ធិអាចតតាំងសិទ្ធិរបស់ខ្លួននឹងកូនបំណុលទី ៣ បាន លុះត្រាតែអ្នកដែលយកសិទ្ធិនោះទៅដាក់បញ្ចាំបានជូនដំណឹង ព្រមទាំងទទួលការយល់ព្រមពីកូនបំណុលទី ៣ នោះ ហើយការបញ្ចាំត្រូវធ្វើឡើងដោយមានលិខិតដែលមានកាលបរិច្ឆេទស្ថាពរ ទើបអាចតតាំងនឹងតតិយជនក្រៅពីកូនបំណុលទី ៣ បាន។ ចំពោះការប្រមូលសិទ្ធិលើបំណុល ប្រសិនបើកម្មវត្ថុនៃសិទ្ធិលើបំណុលជាប្រាក់ ទំហំនៃការប្រមូលត្រូវបានកម្រិតត្រឹមចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលដែលត្រូវបានធានា។
ក្នុងករណីកម្មវត្ថុជាប្រាក់ដូចបានរៀបរាប់ខាងលើនេះ បើពេលកំណត់សងនៃសិទ្ធិលើបំណុលដែលកូនបំណុលទី ៣ ត្រូវសងកូនបំណុលដើមនោះ បានមកដល់មុនពេលកំណត់សងនៃសិទ្ធិលើបំណុលរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ដូចនេះ ម្ចាស់សិទ្ធិអាចឱ្យកូនបំណុលទី ៣ តម្កល់ប្រាក់សងបាន ដោយសិទ្ធិលើការបញ្ចាំមានអត្ថិភាពលើប្រាក់តម្កល់នោះ។ ផ្ទុយទៅវិញបើកម្មវត្ថុនោះមិនមែនជាប្រាក់ ម្ចាស់សិទ្ធិលើការបញ្ចាំមានសិទ្ធិលើវត្ថុបញ្ចាំដែលខ្លួនបានទទួលជាការសង។ ក្រៅពីការបកស្រាយខាងលើនេះ ក៏ត្រូវអនុវត្តដូចនឹងការបញ្ចាំចលនវត្ថុ និងអចលនវត្ថុផងដែរ ចំពោះការបញ្ចាំសិទ្ធិ។
សរុបជារួមមក សិទ្ធិលើការបញ្ចាំពិតជាមានសារប្រយោជន៍ណាស់ដល់ម្ចាស់បំណុល ដែលទទួលការបញ្ចាំដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលការសងចំពោះសិទ្ធិនេះ ដោយមានអាទិភាពជាងម្ចាស់បំណុលធម្មតាផ្សេងទៀត។ លើសពីនេះទៀត សិទ្ធិនោះថែមទាំងផ្ដល់ភាពងាយស្រួលក្នុងការបង្កើតទៀតផង ព្រមទាំងអាចបញ្ចាំនូវរាល់គ្រប់វត្ថុ រួមទាំងសិទ្ធិលើទ្រព្យសម្បត្តិផងដែរ។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោកស្រី នូ ពិសី ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តការអន្តរជាតិ / Cambodia International Cooperation Law Group៕