(ភ្នំពេញ)៖ មានមតិមួយចំនួនតែងតែមានការយល់ច្រលំថា និស្សិតដែលបានបញ្ចប់បរិញ្ញាបត្រនីតិសាស្រ្ត (បរិញ្ញាបត្រច្បាប់) សុទ្ធតែអាចក្លាយជាមេធាវីដោយមិនចាំបាច់ត្រូវបំពេញលក្ខខណ្ឌអ្វីផ្សេងឡើយ។ ប៉ុន្តែជាក់ស្ដែងនៅក្នុងវិស័យយុត្តិធម៌ មានការងារវិជ្ជាជីវៈជាច្រើនប្រភេទ ដែលនិស្សិតច្បាប់អាចបន្តចាប់យកបាន ដែលក្នុងនោះរួមមានវិជ្ជាជីវៈមេធាវី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការី មជ្ឈត្តករ ជាដើម។

ដើម្បីអាចបំពេញការងារលើវិជ្ជាជីវៈទាំងនេះបាន បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈណាមួយ ត្រូវឆ្លងកាត់ការស្នើសុំការប្រលងធ្វើតេស្ដសមត្ថភាព និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលតម្រូវទៅតាមវិជ្ជាជីវៈនីមួយៗ ជាពិសេសសម្រាប់ការស្នើសុំចូលប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានគ្រប់គ្រង និងកំណត់លក្ខខណ្ឌដោយច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងបទប្បញ្ញត្តិមួយចំនួនទៀត ដែលចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

តើត្រូវបំពេញលក្ខខណ្ឌតម្រូវដូចម្ដេចខ្លះ ទើបអាចចូលប្រកបវិជ្ជាជីវៈមេធាវីបាន? ហើយស្ថាប័នណាមួយជាអ្នកមានសិទ្ធិសម្រេចលើការស្នើសុំនេះ?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទទាក់ទងនឹង «ការសុំចូលប្រកបវិជ្ជាជីវៈមេធាវី» មកបកស្រាយដូចតទៅ។

ដើម្បីបានចូលប្រកបវិជ្ជាជីវៈមេធាវី អាចធ្វើទ្បើងតាមពីររបៀប គឺទី១ តាមរយៈមាត្រា៣១ និងទី២ តាមរយៈមាត្រា ៣២ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។

សម្រាប់របៀបទី១ យោងតាមមាត្រា ៣១ បានបញ្ញត្តិថា ជនដែលអាចប្រកបវិជ្ជាជីវៈមេធាវីបាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ ត្រូវមានសញ្ជាតិខ្មែរ។
២៖ ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល។
៣៖ ត្រូវមានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដែលចេញដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។ ដើម្បីទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ត្រូវធ្វើការសិក្សារយៈពេល ១ ឆ្នាំ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។
៤៖ មិនដែលត្រូវបានផ្ដន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬផ្ដន្ទាទោសជាបទវិន័យ ឬផ្ដន្ទាទោសជាបទរដ្ឋបាលដូចជាការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ។ មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ។

ដោយឡែក សម្រាប់របៀបទី២ វិញ មាត្រា ៣២ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ក៏បានបញ្ញត្តិពីករណីដែលអ្នកស្នើសុំមិនចាំបាច់មានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងមិនចាំបាច់មានបរិញ្ញាបត្រច្បាប់នោះទេ ប្រសិនបើបុគ្គលនោះគឺជាចៅក្រមដែលបានបម្រើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី ០៥ ឆ្នាំ និងអតីតចៅក្រមដែលមានសញ្ញាបត្រមធ្យមសិក្សាច្បាប់ ហើយដែលបានបម្រើក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី ០២ ឆ្នាំ។

ក្នុងករណីមួយចំនួនទៀត អ្នកស្នើសុំចូលប្រកបវិជ្ជាជីវៈមិនចាំបាច់មានវិញ្ញាបនបត្រខាងវិជ្ជាជីវៈមេធាវីនោះទេ ប្រសិនបើបុគ្គលនោះស្ថិតក្នុងលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖

* អ្នកមានបរិញ្ញាបត្រច្បាប់ ហើយដែលបានបម្រើការងារក្នុងវិស័យច្បាប់ ឬតុលាការលើសពី ២ឆ្នាំ។
* មេធាវីដែលមានសញ្ជាតិដើមជាខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៅបរទេស។
* អ្នកមានសញ្ញាបត្របណ្ឌិតច្បាប់។

យោងតាមសេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីនីតិវិធីនៃការទទួលពិនិត្យ និងសម្រេចលើពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី ត្រង់ប្រការ ៤ និងប្រការ ១៤ បានចែងថា បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចបានកំណត់ខាងលើ ហើយមានបំណងចូលប្រកបវិជ្ជាជីវៈមេធាវី ត្រូវមកទិញពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី នៅនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (ការដាក់ពាក្យសុំ និងឯកសារតម្រូវផេ្សងៗត្រូវកំណត់ដោយគណៈមេធាវី) តាមការប្រកាសរបស់គណៈមេធាវីនៅរៀងរាល់ម៉ោងធ្វើការនៃថ្ងៃបំពេញការងារ។

ចំពោះបុគ្គលដែលបានដាក់ពាក្យចូលប្រកបតាមមាត្រា ៣២ នឹងត្រូវធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យអំពីភាពត្រឹមត្រូវនៃឯកសារ និងត្រូវឆ្លងកាត់ការប្រលងធ្វើតេស្ដសមត្ថភាពលើវិញ្ញាសាសរសេរ និងវិញ្ញាសាសួរផ្ទាល់មាត់ផងដែរ។

ការយល់ព្រមឱ្យប្រកបវិជ្ជាជីវៈមេធាវីត្រូវសម្រេចដោយក្រុមប្រឹក្សាគណៈមេធាវី ក្រោយពីបានពិនិត្យលើការបំពេញលក្ខខណ្ឌសព្វគ្រប់ ដែលមានកំណត់ក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី សេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោយពីមានយោបល់របស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងករណីដែលសាម៉ីខ្លួន មិនយល់ស្របតាមសេចក្ដីសម្រេចរបស់គណៈមេធាវីទេនោះ សាម៉ីខ្លួនអាចប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍ភ្នំពេញបាន ក្នុងរយៈពេល ០២ ខែ ចាប់ពីថ្ងៃទទួលដំណឹង។

សម្រាប់មេធាវីដែលត្រូវបានទទួលឱ្យប្រកបវិជ្ជាជីវៈមេធាវី ត្រូវធ្វើសច្ចាប្រណិធានជាមុននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានវត្តមានរបស់ប្រធានគណៈមេធាវី ឬតំណាងដែលចាត់តាំងដោយប្រធានគណៈមេធាវី។ ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មេធាវី មេធាវីដែលទើបបានចុះឈ្មោះត្រូវធ្វើកម្មសិក្សារយៈពេល ០១ ឆ្នាំ តាមបែបបទដែលកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវី លើកលែងតែមេធាវីណាដែលមានការអនុញ្ញាតឱ្យរួចពីកម្មសិក្សា។

ក្នុងរយៈពេលនៃកម្មសិក្សា មេធាវីត្រូវទទួលការបំប៉នបន្ថែមដែលរៀបចំឡើងដោយគណៈមេធាវី និងត្រូវចូលរួមបម្រើការងារឱ្យពិតប្រាកដ ជាសហការីក្នុងការិយាល័យមេធាវីណាមួយ។ នៅអំឡុងពេលនោះ ក្រុមប្រឹក្សាគណៈមេធាវីនឹងចាត់មេធាវីម្នាក់ ជាមេធាវីពេញសិទ្ធិដែលប្រកបវិជ្ជាជីវៈមេធាវីយ៉ាងតិច ០៣ ឆ្នាំ ដើម្បីធ្វើជាគ្រូកម្មសិក្សា ដែលត្រូវបានជ្រើសរើសដោយស្ម័គ្រចិត្ត និងតាមការព្រមព្រៀងរវាងគ្រូកម្មសិក្សា និងកម្មសិក្សាការី ដោយត្រូវមានកិច្ចសន្យាសហការរវាងគ្រូកម្មសិក្សា និងកម្មសិក្សាការី។ គ្រូកម្មសិក្សា បានដើរតួនាទីយ៉ាងសំខាន់ត្រូវទទួលខុសត្រូវក្នុងការបង្ហាត់បង្រៀន និងផ្តល់ចំណេះដឹងដល់កម្មសិក្សាការីចំពោះការប្រកបវិជ្ជាជីវៈមេធាវី និងការធ្វើរបាយការណ៍បញ្ចប់កម្មសិក្សា។

ក្នុងអំទ្បុងពេលកម្មសិក្សា ចំពោះកម្មសិក្សាការីដែលចូលប្រកបតាមមាត្រា ៣២ ត្រូវចូលរួមក្នុងវគ្គសុក្រិត្យការវិជ្ជាជីវៈមេធាវី និងការបណ្ដុះបណ្ដាលនានាតាមការកំណត់របស់គណៈមេធាវី។ ក្រោយពេលបញ្ចប់កម្មសិក្សា និងផ្អែកលើរបាយការណ៍មានលក្ខណៈត្រឹមត្រូវតាមការកំណត់នៃលក្ខខណ្ឌ ទម្រង់ និងខ្លឹមសារហើយ ក្រុមប្រឹក្សាគណៈមេធាវីនឹងសម្រេចចុះឈ្មោះរបស់កម្មសិក្សាការីក្នុងបញ្ជីគណៈមេធាវី។

សរុបមកវិញ អ្នកដែលមានបំណងចង់ចូលប្រកបវិជ្ជាជីវៈមេធាវី គួរគប្បីសិក្សាស្វែងយល់ពីលក្ខខណ្ឌតម្រូវ និងស្វែងយល់បន្ថែមពីវិធានវិជ្ជាជីវៈមេធាវី ដែលរួមមានច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុង រួមទាំងសេចក្ដីសម្រេចលេខ ១១៦/សសគម/២១ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនឱ្យបានរួចរាល់ទុកជាមុន។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖[email protected], គេហទំព័រ៖www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕