(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងមន្រ្តីក្រោមឱវាទទាំងអស់ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងលិខិតរំលែកមរណទុក្ខបានសរសេរថា៖ ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ រួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូត ដល់ថ្ងៃអវសានជីវិត។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុង សុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕