(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ញេីសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកស្រី អែម ហៀប ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់ទៀតថា ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវ ស្វាមី និងឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកព្រឹន្ទបាលឯក សួន រ៉ោន ធ្លាប់មានគុណូបការៈខ្ពស់ចំពោះបុត្រធីតា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត និងបងប្អូនទាំងអស់។
លើសពីនេះ ការពលិកម្មរបស់លោកព្រឹន្ទបាលឯក សួន រ៉ោន គឺជាការបាត់បង់យោធិនស្នេហាជាតិដ៏អង់អាចក្លាហាន មួយរូបដែលតែងតែលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាឈាមស្រស់ សាច់ស្រស់ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។
ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ធបាលឯក សួន រ៉ោន បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕