(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួម អបអរសាទរយ៉ាងកក់ក្តៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ដែល ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចឥស្សរវិទេសបញ្ញា» កាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ការប្រោសព្រះរាជទាននូវគោរមងារនេះ គឺពិតជាមហាកិត្តិយសដ៏ថ្លៃថ្លា និងពិតជាស័ក្តិសមជាទីបំផុត ចំពោះ សម្តេចឥស្សរវិទេសបញ្ញា ជាប្រមុខការទូតដ៏ឆ្នើមមួយរូប ពោរពេញដោយបទពិសោធន៍ និងភាពប៉ិន ប្រសប់ ឈ្លាសវៃ ផ្នែកកិច្ចការងារនយោបាយការបរទេសជាមួយបណ្តាប្រទេសជាមិត្តបានយ៉ាងល្អ និងមាន កិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំ ហើយទទួលបាននូវនិរន្តរភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យ ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចឥស្សរវិទេសបញ្ញា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូម សម្តេចឥស្សរវិទេសបញ្ញា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំ និងសហការី៕