លេចឮថា តារាសម្ដែង អែតវីន តាមសុំស្នេហ៍ អតីតភរិយាលោក លៀក លីដា ម្ចាស់ផលិតកម្ម LD តាំងពីនៅរៀនសាលាជាមួយគ្នា!
08-05-2019 17:31
(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានលេចឮជាច្រើនពេញបណ្តាញសង្គម ដោយអតីតភរិយាលោក លៀក លីដា ម្ចាស់ផលិតកម្ម LD គឺអ្នកនាង សុទ្ធ បញ្ចកា ហាក់ស្និទ្ធស្នាលប្លែកជាមួយលោក អែតវីន ដែលធ្វើឲ្យប្រិយមិត្តជាច្រើនសង្ស័យថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ តាមរយៈការសង្កេតសកម្មភាពស្និទ្ធស្នាល ដែលអ្នកទាំងពីរមានចំពោះគ្នា និងការបង្ហាញមុខ ទៅណាមកណាទាំងគូហាក់ដូចជាគូស្នេហ៍និងគ្នា ហាក់រឹតតែធ្វើឲ្យប្រិយមិត្តជាច្រើនមានមន្ទិលសង្ស័យ។ យ៉ាងណាមិញ ថ្មីៗក៏ស្រាប់តែមានព័ត៌មានដ៏រសើបមួយទៀតបានបែកធ្លាយមកថា តារាសម្ដែងប្រុស លោក អែត វីន បានចាប់អារម្មណ៍តាមស្រលាញ់ អ្នកនាង សុទ្ធ បញ្ចកា តាំងពីនាងមិនទាន់រៀបការជាមួយម្ចាស់ផលិតកម្ម LD លោក លៀក លីដា មកម្ល៉េះ ពោលគឺអំឡុងពេលដែលអ្នកទាំងពីររៀនវិទ្យាល័យជាមួយគ្នា។
បើតាមប្រភពច្បាស់ការមួយបានខ្សឹបប្រាប់ Khmer Talking និង Fresh News ថា បុរសសង្ហា និងជាតារាសម្ដែង អែតវីន បានតាមយកចិត្តអ្នកនាង បញ្ចកា ណាស់ ដោយពេលនៅរៀនវិទ្យាល័យ នាងមានទំនាក់ទំនងជាមួយលោក លៀក លីដា នោះទេ ទើបតារាសម្ដែងរូបនេះខំតាមព្យាយាមសុំស្នេហ៍នាង ម្ដងហើយម្ដងទៀត តែពុំបានសម្រេចឡើយ។ បន្ទាប់មកក៏លោកបានដឹងថា នាងត្រៀមខ្លួនចូលរោងការជាមួយលោក លៀក លីដា តែម្ដង។
ប្រភពដដែលលួចប្រាប់ថា «និយាយទៅ អែតវីន គាត់ជាសុភាពបុរស ដែលមានស្នេហ៍ស្មោះខ្លាំងណាស់ គ្រាន់តែឮថា មនុស្សស្រីដែលខ្លួនធ្លាប់ស្រលាញ់ ត្រូវមកខូចចិត្ត ក្រោយលែងលះជាមួយលោក លៀក លីដា ភ្លាមពេលនោះគាត់អាណិតនាងណាស់ ចង់ទៅលួងលោមមនុស្សស្រី ដែលគាត់ធ្លាប់ស្រឡាញ់កុំឲ្យគិតច្រើន»។
ជាមួយគ្នានេះ បន្ទាប់ពីអ្នកនាង សុទ្ធ បញ្ចកា មានរឿងរ៉ាវលែងលះគ្នាជាមួយស្វាមី ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវលួចលាក់ស្នេហារបស់ស្វាមីរបស់ខ្លួនជាមួយនឹងតារាសម្ដែង កញ្ញា សាឡាត់ ស្រីឡាង រួចមក គេក៏ចាប់ផ្ដើមសង្កេតឃើញនៅលើគណនីហ្វេសប៊ុករបស់នាង តែងតែបង្ហោះរូបថតផ្អែមល្ហែម ជាមួយ អែតវីន ជាញឹកញ៉ាប់ផងដែរ ដែលធ្វើឲ្យទស្សនិកជនរឹតតែអាចសន្និដ្ឋានបានថា អែត វីន និងអ្នកនាង សុទ្ធ បញ្ចកា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាឡើងវិញ៕