(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ​ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធនិងអាករ សម្រេចបាន ៦ ០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ៤៧៨,២ លានដុល្លារអាម៉េរិក) មានកំណើនចំនួន ១ ០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ដែលដឹកដោយ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ចំណូលដែលសម្រចបាននេះត្រូវជាប្រមាណ ៥៨,៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។​

ដោយឡែកការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ១ ០២៣,៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២៥២,៨ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ៧,១% ប្រៀបធៀបនឹងចំណូលខែឧសភា ឆ្នាំ២០២៥ និងកើនឡើង ១៤,៤% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤០,៧%, អាករពិសេសមានប្រមាណ ៣៥,១%, ពន្ធគយមានប្រមាណ ១៥,៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាតមានប្រមាណ ៣,៩% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,៤%។ ចំពោះសមាសភាគនៃចំណូល​តាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%។

ចំណែកទំហំពាណិជ្ជកម្មនាំចូលមានចំនួន ១៦ ២៧៨,៩ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលវាយនភណ្ឌជាវត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, ផលិតផលតេលសិលា, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

រីឯទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦,១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ២២,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិកនិងបង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ផលិតផលប្លាស្ទិក, និងផលិតផលឧស្សាហកម្មផ្សេងទៀត) មានកំណើន ១១,២%, និងកសិផល (មានជាអាទិ៍ ស្រូវ, អង្ករ, ដំឡូង, កៅស៊ូ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ៤,៤%។

បន្ថែមពីលើការងារប្រមូលចំណូល គយ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ​ដូចជា ការកែលម្អនិងធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ការងារស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ, ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ, កិច្ចសហការជាមួយផ្នែកឯកជន, កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន។

សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តមួយចំនួនមានជាអាទិ៍ ការបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់ អគរ ឱ្យបានជោគជ័យ, ការបន្តពង្រឹង និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់កិច្ចប្រតិបត្តិការគយ, ការសហការជាមួយផ្នែកឯកជនដើម្បីដោះស្រាយបញ្ហា និងជំរុញលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធគ្រប់មុខសញ្ញា, ការកសាងនិងអភិវឌ្ឍស្ថាប័ន, និងការចូលរួមអនុវត្តឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួននិងពេញលេញ៕