(ភ្នំពេញ)៖ ក្នុងឆមាសទី១នៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង ៣០ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ២៦ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៩.២៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ៧៥០លានដុល្លារ ស្របពេលដែលចិននាំចូលមកកម្ពុជាវិញមានតម្លៃជាង ៨.៥ពាន់ដុល្លារ ។
ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៥.៦ពាន់លានដុល្លារ កើនឡើង២៥.៧% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៥.៥ពានលានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ១៦៤លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕