(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥.៨ប៊ីលានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥នេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា គម្រោងវិនិយោគទាំង៣៧៣ គម្រោងនេះ អាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។

ជារួមក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។