(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង ១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាម៉េរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ។
ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិកចំនួន២លើករួចមកហើយនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក គឺជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀតកាលពីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈការប្រជុំចរចាទាំង៣លើកនេះភាគីទាំងពីរបានឯកភាពគ្នា នឹងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារអាមេរិកកំពុងប្រារព្ធបុណ្យជាតិ ដូច្នេះហើយភាគីទាំងពីររងចាំឱកាសសមស្របប្រកាសរួមគ្នាតែម្តង។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណស្ពានចុងក្រោយស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នាព្រឹកថ្ងៃទី ៧ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា «ដោយសារយើងឯកភាពគ្នាចរចាដោយស្មោះជាមួយគាត់ទៅវិញទៅមកនេះ ទើបថ្ងៃទី៩នេះ ពន្ធយើងមិនមែន ៤៩%ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ១៨ប្រទេសដែលចរចាជាមួយសហរដ្ឋអាមេរិក។ ហើយក្នុងចំណោម ១០ប្រទស គឺបានសម្រេចសេចក្តីថ្លែងការណ៍រួមហើយ។ អ៊ីចឹងថ្ងៃទី៩ អត់មានអត្រាពន្ធឡើងដល់ ៤៩%ទេ គឺយើងរួចខ្លួនមួយដំណាក់កាលមួយសិន ប៉ុន្តែអត្រាពន្ធបដិកាប៉ុន្មានអត់ទាន់ដឹងទេ គាត់កំពុងតែពិចារណា និងសុំការឯកភាពពីប្រធានាធិបតី ដូណាល់ ត្រាំ ទើបអាចប្រកាសបាន»។
លោកបានឱ្យដឹងថា ក្នុងការចរចាកន្លងមក កម្ពុជាបានប្រាប់ទៅសហរដ្ឋអាមេរិកថា រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងនៅកម្ពុជា មានប្រជាពលរដ្ឋបម្រើការងារប្រមាណ១លាននាក់ ហើយម្នាក់ត្រូវចិញ្ចឹមមនុស្សប្រមាណ៥នាក់ក្នុងគ្រួសារ ដូច្នេះហើយសហរដ្ឋអាមេរិកយល់ពីតម្រូវការការងារ និងការបញ្ចុះអត្រាពន្ធឱ្យនៅទាប នោះទើបកម្ពុជាអាចប្រកួតប្រជែង និងអាចទាក់ទាញវិនិយោគិនបន្ថែមទៀតបាន។
លោកបន្ថែមថា វិស័យអទិភាពចំនួន៧ ដែលកម្ពុជាការពារបាន ក្នុងនោះទទួលបានជោគជ័យប្រមាណ ៨៦%ហើយ។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ញើលិខិតផ្លូវការទៅកាន់ លោកប្រធានាធិបតីអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការនាំចូលផលិតផលរបស់អាមេរិក ជាមួយការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយ មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥ភាគរយ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក។
នៅថ្ងៃដដែលនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតផ្លូវការទៅកាន់លោកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តនេះម្ដងទៀតផងដែរក្នុងនាមស្ថាប័នជំនាញ។
បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះ
កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី មានភារកិច្ចក្នុងការសម្របសម្រួលចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍ នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។
ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវបានរៀបចំឡើងក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើង៕