(ភ្នំពេញ)៖ ខ្មែរជួយខ្មែរ! កសិផលខ្មែរល្អ មិនខ្វះទីផ្សារ ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលបង្កើតឡើងដោយកូនខ្មែរ១០០% បានប្រកាសទិញដំឡូងមីស្ងួត ពីប្រជាកសិករ ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន ក្នុងការផ្លាស់ប្ដូរទីផ្សារនាំចេញ ក្រោយថៃបិទព្រំដែន មិនអាចនាំចេញទៅថៃបាន។

ការនាំចេញទៅកាន់ប្រទេសចិននេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់កសិផលរបស់កម្ពុជា ដែលបង្ហាញអំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-ចិន ហើយក៏ជាការចាប់ផ្ដើមមួយរបស់កម្ពុជា ក្នុងការផ្លាស់ប្ដូរទីផ្សារនាំចេញដំឡូងមី របស់កសិផលខ្មែរផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ស្រេង ចិត្រា អ្នកគ្រប់គ្រងលើកប៉ាល់ នៃក្រុមហ៊ុន ហង្សហាវេស បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនកូនខ្មែរ១០០% បាននឹងកំពុងធ្វើការនាំចេញដំឡូងមីស្ងួត ទៅប្រទេសចិន តាមកំពុងផែព្រះសីហនុ។

លោក ស្រេង ចិត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន ហង្សហាវេស ប្រកាសប្រមូលទិញដំឡូងមី ពីប្រជាកសិករ នៅគ្រប់-ខេត្តទូទាំងប្រទេសកម្ពុជា ជាពិសេសតាមបន្ទាត់ព្រំដែនថៃ ដែលកំពុងត្រូវបានបិទ មិនឲ្យចូលទៅថៃ»

បន្ថែមពីនោះទៀត លោក ស្រេង ចិត្រា បានឲ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារចិន គឺធ្វើឡើងជារៀងរាល់ខែ ដោយក្នុងមួយខែ អាចនាំចេញចំនួន២កប៉ាល់ ដោយក្នុង១កប៉ាល់ មានចំនួន៧ពាន់តោន ទៅ៨ពាន់តោន។

លោក ស្រេង ចិត្រា បានលើកឡើងថា ដោយសារខែនេះជាខែភ្លៀង ទើបធ្វើឲ្យនាំចេញបានតែចំនួន២ដងក្នុងមួយខែ ដោយក្នុងមួយកប៉ាល់ចំនួន៧ពាន់តោន ទៅ៨ពាន់តោន ប៉ុន្ដែបើខែប្រាំងវិញ អាចបានច្រើនជាងនេះ។

លើសពីនោះទៀត លោក ស្រេង ចិត្រា ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនក៏មានគម្រោងនាំចេញពោតផងដែរ។ សម្រាប់ប្រជាកសិករ ដែលមានដំឡូងមីចង់លក់ឲ្យក្រុមហ៊ុន អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧១ ៩៩៩ ៤៨៣៨, ០១២ ៩៧៩៦២៨, ០៩៧ ៣៤០ ៤៤២៣៕