(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញឱ្យវិស័យឯកជនរបស់កម្ពុជា ចាប់យកគំនិតច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ធ្វើពិពិធកម្មទីផ្សារ និងភាពបត់បែនតាមយុទ្ធសាស្ត្រចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបែបនេះ ក្នុងឱកាសឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីការផ្លាស់ប្តូរដោយជោគជ័យភាពឯកោផ្នែកនយោបាយ និងសេដ្ឋកិច្ចទៅជាប្រទេសមួយដែលធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក។ ជាលទ្ធផល ក្នុងរយៈពេលជាង ២ទស្សវត្សចុងក្រោយនេះ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧ភាគរយ ប្រកបដោយបរិយាប័ន្ន និងសមធម៌។
អ្នកឧកញ៉ា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចរហូតមកដល់បច្ចុប្បន្ននេះ គឺបានប្រសូត្រចេញពីនយោបាយ «ឈ្នះ-ឈ្នះ» របស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍ ហើយត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង ឯកភាពជាតិ និងបូរណភាពទឹកដី។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា «សន្តិភាព បានបង្កើតបរិយាកាសប្រតិបត្តិការដ៏សំខាន់សម្រាប់កំណើនអាជីវកម្ម។ ផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការចូលរួមបំពេញបន្ថែមយ៉ាងបុរេសកម្មពីវិស័យឯកជនរបស់យើង បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានសន្ទុះ និងវិវឌ្ឍន៍ទៅមុខប្រកបដោយភាពវិជ្ជមាន និងធន់នឹងវិបត្តិ»។
អ្នកឧកញ៉ា បានគូសបញ្ជាក់ពីគោលដៅរបស់កម្ពុជាក្នុងការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទោះយ៉ាងនេះក្តី អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា មហិច្ឆតាទាំងនេះ ក៏កំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពមិនហ្នឹងនរ ដែលកើតចេញពីកត្តាសំខាន់ៗ មួយចំនួន៖ ការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក, ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំៗ, សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងក្លា, ការកើនឡើងការគាំពារនិយម, ការប្រែប្រួលអាកាសធាតុ និងជម្លោះអន្តរជាតិដែលកំពុងបន្ត ជាពិសេសនៅអឺរ៉ុបដែលលាតសន្ធឹងទៅមជ្ឈិមបូព៌ា និងអាស៊ី កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានធ្វើការកត់សម្គាល់ផងដែរថា «យើងក៏កំពុងជួបប្រទះឥទ្ធិពលនៃការបិទព្រំដែនដែលកំពុងបន្ត និងការរឹតបន្តឹងពាណិជ្ជកម្មជាមួយប្រទេសថៃផងដែរ ដែលជាការរំខានដល់លំហូរពាណិជ្ជកម្ម ទេសចរណ៍ និងលំហូរការងារ»។
អ្នកឧកញ៉ា បានបន្តទៀតថា ការប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ចំពោះពាណិជ្ជកម្មជាមួយប្រទេសថៃទាមទារទាំងការសម្របខ្លួនក្នុងរយៈពេលខ្លី និងការផ្លាស់ប្តូររចនាសម្ព័ន្ធរយៈពេលវែង។
ស្ថិតក្នុងកាលៈទេសៈបែបនេះ, អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា៖ «ការធ្វើពិពិធកម្មត្រូវតែចាប់ផ្តើមភ្លាមៗ។ ដូច្នេះខ្ញុំសូមជំរុញដល់វិស័យឯកជនរបស់យើង ត្រូវតាមដានដោយយកចិត្តទុកដាក់បំផុត និងត្រូវមានភាពបត់បែនតាមឱ្យទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និង ពិភពលោក ដើម្បីបញ្ចៀស និងសម្រាលនូវផលប៉ះពាល់ជាអវិជ្ជមានទាំងឡាយណាដែលអាចកើត មានឡើងជាយថាហេតុ ដល់ធុរកិច្ច និងវិនិយោគរបស់យើង និងត្រៀមខ្លួនឱ្យបានល្អដើម្បីចាប់យក កាលានុវត្តភាព នៅពេលស្ថានភាពអំណោយផល»។
ជាមួយគ្នានេះ អ្នកឧកញ៉ា ប្រធាន ក៏បានបញ្ជាក់សារជាថ្មីអំពីតួនាទីសំខាន់ របស់វិស័យឯកជន ក្នុងការគាំទ្ររបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានរៀបបង្កើត គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាច្រើន៕