(ភ្នំពេញ)៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ដឹកនាំដោយអ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ដែលជាប្រធានសមាគមបានរៀបចំបេសកកម្មពាណិជ្ជកម្ម និងវិនិយោគម៉ាឡេស៊ី-កម្ពុជា ឆ្នាំ២០២៥ ជាមួយនឹងការផ្គូផ្គងអាជីវកម្មកំពូលៗ និងការពិសាភោជនាហារពេលល្ងាច ដែលធ្វើឡើងនៅសណ្ឋាគារ Sky Garden Hotel Olympia City by Dara។ បេសកកម្មនេះត្រួវបានដាក់ដំណើរការក្រោមអធិបតីភាពលោក សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះកំណើនសេដ្ឋកិច្ចដែលប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវវត្តមានមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ តំណាងក្រសួងនានា ថ្នាក់ដឹកនាំអាជីវកម្មលេចធ្លោ និងអ្នកវិនិយោគសំខាន់ៗជាច្រើនរូបមកពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយវេទិកាដ៏វិសេសវិសាលមួយ សម្រាប់អ្នកដឹកនាំអាជីវកម្មក្នុងការបង្កើតដៃគូយុទ្ធសាស្រ្តថ្មីៗ និងចូលរួមការពិភាក្សាប្រកបដោយប្រសិទ្ធភាព។ ពិធីពិសាភោជនាហារពេលល្ងាចក៏ត្រូវបានផ្តល់កិត្តិយស ចូលរួមពីសំណាក់លោកស្រី Nur Herazzila Ghazali អនុប្រធានមុខងារការទូតប្រចាំស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញផងដែរ។

ក្នុងសុន្ទរកថារបស់លោកស្រីក្នុងនាមជាតំណាង ឯកអគ្គរាជទូតម៉ាឡេស៊ី លោក Shaharuddin Onn លោកស្រី Nur Herazzila បានបញ្ជាក់ឡើងវិញពីទំនុកចិត្តរបស់ប្រទេសម៉ាឡេស៊ី ចំពោះប្រទេសកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រមួយ នៅក្នុងសហគមន៍អាស៊ាន។ លោកស្រីសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នាយប់នេះ មិនមែនត្រឹមតែជាការជួបជុំរបស់ថ្នាក់ដឹកនាំឧស្សាហកម្ម និងអ្នកបង្កើតច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាតំណាងនៃការអបអរសាទរ នៃមិត្តភាពដ៏ជិតស្និទ្ធ ការប្តេជ្ញាចិត្តរួមគ្នា និងសក្ដានុពលដ៏ធំនាពេលអនាគតសម្រាប់ចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។

លោកស្រីក៏បានគូសបញ្ជាក់បន្ថែមអំពីតួនាទីដ៏សំខាន់ របស់វិនិយោគិនម៉ាឡេស៊ីក្នុងគោលបំណងនៃភាពរីកចម្រើន និងបានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹង របស់ស្ថានទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

លោក សំហេង បូរ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងបានកោតសរសើរចំពោះបេសកកម្ម សម្រាប់ការផ្សារភ្ជាប់វិស័យឯកជននៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ជាថ្មីពីការបើកចំហរបស់កម្ពុជាចំពោះការវិនិយោគពីបរទេស និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម អនុវត្តគោលនយោបាយមិត្តភាពវិនិយោគិន និងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អាជីវកម្មដែលចូលមកទីផ្សារកម្ពុជា។

អ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ប្រធានស្ថាបនិកនៃសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំង ទៅលើភាពរីកចម្រើនរយៈពេលវែង និងភាពជាដៃគូយុទ្ធសាស្រ្តនៃបេសកកម្មមួយនេះ។ លោកបានពិពណ៌នាព្រឹត្តិការណ៍នេះថា ជាឱកាសដ៏វិសេសវិសាលមួយសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ក្នុងការប្រាស្រ័យលើសពីការផ្លាស់ប្តូរពាណិជ្ជកម្ម ហើយក៏ដើម្បីកសាងមិត្តភាព និងទំនុកចិត្តដ៏យូរអង្វែងតទៅមុខ។

អ្នកឧកញ៉ា Yaw បានមានប្រសាសន៍ថា “បេសកកម្មនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាគមធុរកិច្ចចំនួន 20 ហើយក៏បាននឹងកំពុងតែបង្កើតសមិទ្ធផលរួចហើយផងដែរ។ យើងជឿជាក់លើការរីកលូតលាស់រួមគ្នា មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលមានអនាគតរួមគ្នា”។

ភាពជាដៃគូយុទ្ធសាស្រ្តផ្លូវការ ការគូសបញ្ជាក់ដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងរបៀបវារៈពេលល្ថាច គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅ។

សហព័ន្ធសមាគម សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសម្ព័ន្ធសមាគមធុរកិច្ចម៉ាឡេស៊ីចំនួន១៨ រួមមាន៖

- Malaysia–Cambodia Business Association (MCBA)
- SME Association of Malaysia (SMEAM)
- Malaysia Chinese Assembly Hall (MCAH)
- Associated Zong Xiang & Chinese Chamber of Commerce Malaysia (ZXCCC)
- Branding Association of Malaysia (BAM)
- Electrical & Electronics Association of Malaysia (TEEAM)
- Wedding Professionals Association of Malaysia (WPAM)
- Malaysian Interior Industry Partners Association (MIIP)
- Malaysian Wood Moulding & Joinery Council (MWMJC)
- Kuala Lumpur & Selangor Furniture Association (KSFA)
- Selangor & Federal Territory Kin Cho Hong (SKKCH)
- Machinery & Engineering Industries Federation (MEIF)
- Malaysia Association of Sustainable Supply Chain & Innovation (MASSCI)
- Federation Of Sundry Goods Merchants Associations of Malaysia (FSGMAM)
- Malaysian Speakers Association (MSA)
- Malaysia International Durian Industry Development Association (MIDIDA)
- Association of Credit Management Malaysia (ACCM)
- OE EduGroup.

អនុស្សរណៈយោគយល់គ្នាស្រដៀងគ្នាមួយទៀត ត្រូវបានចុះហត្ថលេខារវាងសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) និងសមាគមម៉ាឡេស៊ីដូចគ្នា ដោយបានពង្រឹងបន្ថែមទៀត នូវការចូលរួមពាណិជ្ជកម្មឆ្លងដែន។ អនុស្សរណៈយោគយល់គ្នាទីបី ត្រូបបានចុះហត្ថលេខារវាង Sarana Law Firm ដែលជាក្រុមហ៊ុនផ្នែកច្បាប់ឈានមុខគេមួយ នៅកម្ពុជា និង Manjit Singh Sachdev, Mohammad Radzi & Partners of Malaysia ដែលជម្រុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់កាន់រឹងមាំ និងសម្រួលដល់ការសម្របសម្រួលអាជីវកម្ម។

ជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រី មុននឹងពិធីពិសាភោជនាហារពេលល្ងាច អ្នកឧកញ៉ា Dato’ Sri Dr. Ricky Yaw ក៏បានជួបសំណេះសំណាល សម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះបានផ្តោតលើការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចម៉ាឡេស៊ី-កម្ពុជា និងស្វែងរកផ្នែកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ រួមមានវិស័យអប់រំ វិស័យសុខាភិបាល សហគ្រាសធុនតូច និងមធ្យម វិស័យសំណង់ វិស័យអចលនទ្រព្យ និងដំណើរការកសិកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី និងបានអះអាងជាថ្មីអំពីបរិយាកាសវិនិយោគសេរី និងជាទីស្វាគមន៍របស់កម្ពុជា ការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម និងចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់។

សម្តេចក៏បានលើកឡើងអំពីការបើកជើងហោះហើរត្រង់ភ្នំពេញ-ប៉េណាងនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលជាកត្តាជំរុញដ៏សំខាន់នៃការតភ្ជាប់អាជីវកម្មកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ផងដែរ៕