(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន។
លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ដើម្បីមកបណ្តាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញ ផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។
លោកអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិន ជួយជំរុញឱ្យមានការវិនិយោគ ក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជា ឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។
លោក ហ័រ សៀវហ្វុង បានសម្តែងនូវអំណរគុណជូន ចំពោះលោកអគ្គលេខាធិការ ដែលតែងតែគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងបានផ្តល់នូវអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។
លោកក៏បានជម្រាបជូនលោកអគ្គលេខាធិការ ពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិន ដែលមានអាយុកាលប្រមាណ ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្ម ក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ -ល-។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគ ក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។
ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផល ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោក ហ័រ សៀវហ្វុង សង្ឃឹមថា តាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់វិនិយោគិន មកពីទីក្រុងអ៊ូស៊ី ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាការឆ្លើយតបលោកអគ្គលេខាធិការ បានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិន មកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះ ជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕