(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀត នៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។
ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025» នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកស្រី ចម និម្មល មានប្រសាសន៍ថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។
បន្ថែមពីនេះ លោកស្រីបន្តលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗ ឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីបានបន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារ ជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕