(ភ្នំពេញ)៖ ក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់» លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានពន្យល់ណែនាំឲ្យសាធារណជន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូច ក្លែងបន្លំប្លង់កម្មសិទ្ធិដីធ្លី មុនពេលទិញ-លក់ អចលនទ្រព្យ។

លោក ថេង ច័ន្ទសង្វារ បានថ្លែងឲ្យដឹងថា ជាការពិតណាស់កន្លងមកយើងធ្លាប់មានបណ្ដឹងច្រើនស្ថាន ដូចជាបណ្ណអចលនទ្រព្យក្លែងក្លាយ ដោយមានពណ៌, មានត្រាត្រឹមត្រូវ ដើម្បីបោកប្រាស់គេ ដោយមានការទម្លាក់តម្លៃដី ដែលធ្វើឲ្យអ្នកទិញចាប់អារម្មណ៍ និងចង់ទិញដី។​ ការបោកមួយចំនួន គឺបោកលើ ការទៅលើលុយកក់។

លោកបានបញ្ជាក់ថា «ដូច្នេះការទិញលក់អចលនទ្រព្យ សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្ន ប្រសិនបើមានការទិញលក់ ដោយផ្ដល់តែបណ្ណមកឲ្យមើល សូមកុំទិញ ហើយត្រូវចុះទៅពិនិត្យទីតាំងដីឲ្យបានច្បាស់លាស់ជាមុនសិន ដោយបញ្ជាក់ពីភូមិឃុំ ឲ្យបានត្រឹមត្រូវ ដើម្បីសបញ្ជាក់ថា មេភូមិ មេឃុំ បានស្គាល់ម្ចាស់ដីជាក់លាក់»

លោក ថេង ច័ន្ទសង្វារ បានបន្ថែមថា ការដោះស្រាយនូវការបោកប្រាស់នេះ គឺយើងដោះស្រាយបានច្រើន ដោយការដោះស្រាយនេះបានបង្រៀនយើងពីការគ្រប់គ្រង អចនលវត្ថុ ដោយសារបញ្ហាជួបញឹកញាប់នោះ គឺការទិញដីអត់បានប្លង់ ទិញផ្ទះអត់បានផ្ទះ ឬទិញដីបានដីតែមិនបានប្លង់ ឬបង់លុយហើយមិនបានដី មិនបានប្លង់ជាដើម៕

សូមស្តាប់ការពន្យល់របស់ លោក ថេង ច័ន្ទសង្វារ៖