(ភ្នំពេញ)៖ កម្ពុជា ក៏ដូចជាការប្រទេសនានានៅលើពិភពលោក គឺបានគិតពន្ធលើ អាករលើតម្លៃបន្ថែម(VAT)ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលទាំងអ្នកផ្គត់ផ្គង់ និងអ្នកទិញសេវាកម្ម គួរតែឈ្វេងយល់ពីករណីនេះ ដើម្បីជៀសវាងរងការខាតបង់ផ្សេងៗ។
លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បើទោះបីជា អ្នកលក់មកមិនមកកម្ពុជាក៏ដោយ ប៉ុន្តែពួកគេ ក៏អាចប្រមូលលុយពីកម្ពុជា បានតាមរយៈការលក់កម្មវិធីនានាតាមអនឡាញ ហេតុដូច្នេះហើយ ទើបប្រទេសនីមួយៗ ចាប់ផ្តើមរៀបចំបទបញ្ញត្តិ កាតព្វពន្ធកាត់ទុក (VAT) សម្រាប់គិតពន្ធទៅលើប្រតិបត្តិការលក់ដូរតាមអនឡាញ។
លោកពន្យល់បន្ថែមថា ការលក់ដូរតាមប្រព័ន្ធអេឡិចត្រូនិក គឺការលក់ទំនិញឆ្លងប្រទេស ដែលមិនមានជារូបរាង។
ការផ្គត់ផ្គង់តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានចែកចេញជាពីរ គឺអ្នកជាប់ពន្ធដែលជាអ្នកផ្គត់ផ្គង់ទំនិញឌីជីថល ដែលមានផលរបរចាប់ពី២៥០លានរៀលក្នុងមួយឆ្នាំ ឬ ៣ខែជាប់គ្នា មានផលរបរ ៦០លានរៀល ត្រូវមានកាតព្វកិច្ចត្រូវទៅចុះបញ្ជីអាករតម្លៃបន្ថែមសាមញ្ញ។
ការចុះបញ្ជីនេះ នឹងមិនគិតពន្ធផ្សេងៗទៀតនោះទេ ដោយគិតតែពន្ធមួយមុខគត់ គឺអាករលើតម្លៃបន្ថែម ។ ក្នុងករណីដែលមុខរបរនោះ មានចាប់ពី២៥០លានរៀលក្នុងមួយឆ្នាំ មិនបានមកចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិក្នុងការចុះបញ្ជីជាឯកតោភាគី ។ នៅពេលដែលពន្ធដារចុះបញ្ជីជាឯកតោភាគីហើយ ប្រសិនបើមិនបានមកបង់ពន្ធ នឹងត្រូវចាត់ទុកថា ល្មើសច្បាប់ដែលនឹងឈានដល់ការផាកពិន័យ។
អ្នកជាប់ពន្ធដែលលក់សេវាកម្មមកកម្ពុជា នឹងត្រូវគិតពន្ធ ១០%ពីអតិថិជនចំពោះអ្នកដែលមិនបានចុះបញ្ជី ។ដោយឡែក ការលក់សេវាកម្មដល់ អ្នករបបស្វ័យប្រកាសនៅក្នុងស្រុកខ្មែរ ដែលចុះបញ្ជីជាក្រុមហ៊ុន គឺមិនចាំបាច់ គិត១០% ដែលជា VATនោះទេ ព្រោះអ្នកដែលបានទិញសេវាកម្ម បានចុះបញ្ជីរួច ដែលមានន័យថា អ្នកទិញប្រមូលអាករជំនួស អ្នកផ្គត់ផ្គង់ មកបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។
បើតាមលោកបណ្ឌិត អេង រតនា ការទិញលក់ តាមប្រព័ន្ធអេឡិចត្រូនិក គឺសំដៅដល់ការទិញលក់ ក្នុងទម្រង់ឌីជីថល និងទទួលទំនិញតាមតាមឌីជីថល ដូចជា ការទិញសៀវភៅក្នុងទម្រង់ E-Book កម្មវិធីហ្គេម កម្មវិធីសូហ្វែរ ប៊ូសហ្វេសប៊ុក ការពិគ្រោះយោបល់តាមអនឡាញជាដើម។
ដោយឡែក រាល់ការទិញទំនិញតាមប្រព័ន្ធអនឡាញ ដែលមានការដឹកជញ្ជូនទំនិញ (ប្រភេទទំនិញមានរូបរាង)ឬ ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន មកកាន់ទីតាំងណាមួយ នោះគឺមិនចាត់ទុកជាការជាប់ពន្ធនៃប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ពន្ធដារឡើយ។
យោងតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បកការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក មានដូចជា÷
ដំណើរការនៃការបញ្ជាទិញទំនិញរូបីតាមប្រព័ន្ធអេឡិចត្រូនិក,ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក,ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថលដែលមានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ក្នុង គោលដៅពាណិជ្ជកម្ម,ការធ្វើបច្ចុប្បន្នភាព និងបន្ថែមមុខងារថ្មីៗទៅលើសូហ្វវែរ,អាជ្ញាប័ណ្ណប្រើប្រាស់សូហ្វវែរមានកាលកំណត់ និងព័ត៌មានឌីជីថលផ្សេងៗ,សិទ្ធិប្រើប្រាស់តែមួយដងនូវសូហ្វវែរ ឬផលិតផលឌីជីថលផ្សេងៗ,ការផ្គត់ផ្គង់សេវាបង្ហោះកម្មវិធីសូហ្វវែរ-អាជ្ញាប័ណ្ណដាច់ដោយឡែកពីគ្នា,ការផ្គត់ផ្គង់សេវាបង្ហោះកម្មវិធីសូហ្វវែរ-កិច្ចសន្យាជាកញ្ចប់,អ្នកផ្តល់សេវាប្រើប្រាស់កម្មវិធីសូហ្វវែរតាមអនឡាញ,កម្រៃលើអាជ្ញាប័ណ្ណដែលអ្នកផ្តល់សេវាប្រើប្រាស់កម្មវិធីសូហ្វវែរតាមអនឡាញត្រូវបង់សេវាបង្ហោះគេហទំព័រ,សេវាថែទាំលើកម្មវិធីសូហ្វវែរ,សេវាផ្ទុកទិន្នន័យ,សេវាគាំទ្របច្ចេកទេសតាមបណ្តាញកុំព្យូទ័រ,ការទាញយកទិន្នន័យ,ការផ្តល់ទិន្នន័យផ្តាច់មុខ ឬទិន្នន័យមានតម្លៃខ្ពស់ដទៃទៀត,ការផ្សាយពាណិជ្ជកម្ម,ការពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិក,ព័ត៌មានបច្ចេកទេស,ការបញ្ជូនព័ត៌មាន,ការចូលទៅគេហទំព័រមានលក្ខណៈអន្តរកម្ម,ផ្សារលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណិត៕