(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការនាំចេញអង្ករជាង ៣៤ម៉ឺនតោននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ៣០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន... បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣% និងអង្ករផ្សេងៗចំនួន ០.៦៥% ។
ជាមួយគ្នានេះ ៥ខែមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕