(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។
គម្រោងវិនិយោគទាំង១២ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង៕