(តូក្យូ)៖ ឆ្លៀតក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ២០២៥ (ម៉ោងក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយ គណៈប្រតិភូជាន់ខ្ពស់ ពីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដឹកនាំដោយ លោកស្រី Sara Wilshaw ជំនួយការជាន់ខ្ពស់ អមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា។
ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ (2025 Team Canada Trade Mission - TCTM) ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្ម ពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែងប្រកបដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ។
ទស្សនកិច្ចនេះដែរ ត្រូវបានរៀបចំឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។
តាមរយៈជំនួបតាមប្រព័ន្ធវីដេអូពីចម្ងាយ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលជាទីចាប់អារម្មណ៍ ក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ វិស័យភស្តុភារកម្ម និងវិសាលភាពកំពង់ផែ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
ជាការឆ្លើយតប គណៈប្រតិភូនៃដំណើរបេសកកម្មពាណិជ្ជកម្មនេះ បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមានរបស់កាណាដា ចំពោះការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក៏ដូចជាបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសលើការជំរុញវិនិយោគដោយផ្ទាល់ពីប្រទេសកាណាដា មកកាន់ប្រទេសកម្ពុជា។ មួយវិញទៀត ការប្តេជ្ញាចិត្តរបស់កាណាដាចំពោះកម្ពុជា និងតំបន់អាស៊ានទាំងមូល ត្រូវបានគូសបញ្ជាក់បន្ថែមទៀត តាមរយៈការដំឡើងឋានៈការិយាល័យការទូតរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញកាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះផងដែរ៕