(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាមួយវិនិយោគិនលើ ««គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន»» ក្រោមអធិបតីភាពរបស់លោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីកាលានុវត្តភាព សម្រាប់វិស័យឯកជនចូលរួម
វិនិយោគលើគម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.) ក៏ដូចជាផ្តល់ជាវេទិកាពិភាក្សា និងផ្តល់មតិយោបល់ លើការរៀបចំគម្រោងមួយនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងភាពទាក់ទាញសម្រាប់ការវិនិយោគ ដែលមានអ្នកចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនឯកជនក្នុងវិស័យសាងសង់, ប្រតិបត្តិការចំណត និងការអភិវឌ្ឍអចលនទ្រព្យ, ស្ថាប័នហិរញ្ញវត្ថុ, ការិយាល័យមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណជាង ១៤០នាក់។

លោករដ្ឋលេខាធិការ មាស សុខសេនសាន បានរំលឹកអំពីសាវតារនៃ ««គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ»» ដែលជាគម្រោងចំណតសាធារណៈដំបូងគេមួយ ដែល
ត្រូវបានសម្រេចរៀបចំអភិវឌ្ឍ តាមយន្តការ ភ.រ.ជ.។ ស្របតាមផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួនទៅជា «ទីក្រុងទំនើប និងឆ្លាតវៃ ប្រកបដោយបរិយាប័ន្ន», រដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំពិភាក្សា និង ពិនិត្យឃើញពីសក្តានុពលនៃការរៀបចំអភិវឌ្ឍ និង អនុវត្ត ««គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ»» ដើម្បីផ្តល់ឱកាសជូនវិស័យឯកជន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជំនាញ, បច្ចេកទេស, បច្ចេកវិទ្យា និងទុនវិនិយោគ ដែលនឹងក្លាយជាម៉ូដែលមួយ សម្រាប់ការអភិវឌ្ឍគម្រោងចំណតសាធារណៈ និងទីក្រុងឆ្លាតវៃដទៃទៀតផងដែរ។

ក្នុងទិសដៅនេះ, លោករដ្ឋលេខាធិការ មាស សុខសេនសាន បានបញ្ជាក់ថា ««គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ»» នឹងចូលរួមដោះស្រាយបញ្ហាកង្វះចំណតសាធារណៈ, ពង្រឹងសណ្ដាប់ធ្នាប់នៃការចតយានជំនិះក្នុងក្រុងព្រះសីហនុ និង បង្កើតជាអគារចំណតឆ្លាតវៃ ប្រកបដោយសុវត្ថិភាព, សុខុមាលភាព និង តម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។ ជាមួយគ្នានេះ, លោករដ្ឋលេខាធិការ ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមក នៃការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមយន្តការ ភ.រ.ជ. រួមមាន គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពត, គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និង គម្រោងព្រែកជីកហ្វូណនតេជោ ជាដើម។

ជាមួយគ្នានេះ, តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ, លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាតំណាងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់វិនិយោគិនទាំងអស់ ពិចារណា និង សិក្សាលើគម្រោងវិនិយោគនេះ ដោយចាប់ផ្តើមគិតពីឱកាសទីតាំងគម្រោង, បរិយាកាសវិនិយោគអំណោយផល, ការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋាន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងមួយនេះ អាចឈានទៅអនុវត្តបាន និងចេញជារូបរាង នាពេលខាងមុខ។

លោកអភិបាលរង ដែលជាប្រធានអង្គភាពគ្រប់គ្រងគម្រោងនេះ ក៏បានគូសបញ្ជាក់ផងដែរថា ជាវឌ្ឍនភាព «គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ»» បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពពេញលេញរួចហើយ និងគ្រោងធ្វើកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនអនុវត្តគម្រោង ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២៥ ខាងមុខនេះ។

ជាលទ្ធផលនៃសិក្ខាសាលានេះ, ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើការពិនិត្យយ៉ាងលម្អិតលើធាតុចូលដែលទទួលបាន ដើម្បីបន្តសម្រិតសម្រាំងលទ្ធផលការសិក្សា និង ឯកសារដេញថ្លៃបន្ថែមទៀត ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងបន្ស៊ីគ្នារវាងតម្រូវការរបស់រដ្ឋ និង វិស័យឯកជន។

លោករដ្ឋលេខាធិការ មាស សុខសេនសាន បានកត់សម្គាល់ថា សិក្ខាសាលាដ៏មានសារសំខាន់មួយនេះ បានប្រព្រឹត្តទៅដោយរលូន និង ប្រកបដោយផ្លែផ្កា ដោយមានការចូលរួមមតិយ៉ាងផុសផុលពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ដែលបង្ហាញពីចំណាប់អារម្មណ៍ និង ការគាំទ្ររបស់អង្គសិក្ខាសាលាចំពោះគម្រោងខាងលើនេះ ហើយសង្ឃឹមថាវិស័យឯកជននឹងចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងបង្កើតសមិទ្ធផលផ្សេងៗទៀត មិនត្រឹមតែគម្រោងចំណតឆ្លាតវៃមួយនេះ នោះទេ៕