(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើដល់សមាគមពាណិជ្ជករហ៊ូប៉ីឈូរ ឲ្យជួយរកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ការស្នើរបស់លោក លោក ជា វុទ្ធី ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្យនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

លោក ជា វុទ្ធី បានថ្លែងអបអរសាទរ ចំពោះសមាគមពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា ដែលបានធ្វើការសម្ពោធជាផ្លូវការនាថ្ងៃនេះ ហើយសមាគមនេះនឹងមានបេសកកម្ម រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការរូបនេះ បានលើកឡើងពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលបច្ចុប្បន្ន កម្ពុជា-ចិន បានឈាន ដល់កម្រិតក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយ។ ក្នុងនោះលោកបានលើកឡើងថា ស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំង តាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥។

លោក ជា វុទ្ធី ក៏បានចែករំលែកនូវគំនិតមួយចំនួនដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ព្រមទាំងត្រូវបានអង្គភាព FDI Intelligence នៃកាសែត Financial Times ដាក់ពិន្ទុជា គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខ ក្នុងឆ្នាំ២០២៤ ក្នុងចំណោមប្រទេសនាំមុខ៥០លើសកលលោក មានទស្សនវិស័យវិនិយោគផ្ទាល់បរទេសដ៏ស្វាហាប់ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, សក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាល ក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗសំដៅ ធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។

អគ្គលេខាធិការបានលើកទឹកចិត្ត ដល់សមាគមក្នុងការបន្តចែករំលែកនូវបទពិសោធន៍ ជោគជ័យរបស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ី ដែលបានវិនិយោគនៅកម្ពុជា កន្លងមកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។ ដូចគ្នាសម្រាប់វិនិយោគិនចិនដទៃទៀត ដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពី សក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពី កិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរ កម្ពុជា-ចិន៕