(ភ្នំពេញ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (CO) មានសារៈសំខាន់ណាស់សម្រាប់ទំនិញកម្ពុជា ដែលនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ដែលវាប្រៀបដូចជាលិខិតឆ្លងដែនរបស់ទំនិញ និងអាចធ្វើឱ្យទំនិញកម្ពុជា ទទួលបានការអនុគ្រោះពន្ធផងដែរ។
លោកបានឱ្យដឹងថា នៅក្នុងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ មានស្ថាប័ន ២ដែលដើរតួនាទីសំខាន់ ក្នុងការពិនិត្យនូវអនុលោមភាព គឺទី១.ក្រសួងពាណិជ្ជកម្ម ជាអាជ្ញាធរចេញនូវ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (CO) ដល់បណ្តាក្រុមហ៊ុននាំចេញ និងទី២ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរទទួលសំអាងដើមកំណើតទំនិញ ថាបានផលិត ដោយគោរពទៅតាមអនុលោមភាព ឬយ៉ាងណា។
លោកបន្ថែមថា ការផ្តល់នូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (CO)នេះ ក្រសួងពាណិជ្ជកម្មផ្តល់ ជូនសម្រាប់តែការនាំចេញទៅប្រទេសដែលតម្រូវឱ្យមានលិខិតនេះប៉ុណ្ណោះ ដោយឡែកប្រទេសនាំចូលដែលមិនតម្រូវឱ្យមានលិខិតនេះ ក្រសួងនឹងចេញជូននៅតាមក្រោយ។
ការលើកឡើងរបស់ លោក ហូ ស៊ីវយ៉ុង ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ»៕
សូមស្តាប់លើកឡើងបន្ថែមរបស់ លោក ហូ ស៊ីវយ៉ុង និងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនិតិវិធីនៃការស្នសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ៖