(ភ្នំពេញ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិធានដើមកំណើតទំនិញ នឹងជំរុញឱ្យមានការប្រើប្រាស់ឱ្យបានជាអតិបរមានៃវត្ថុធាតុដើមនៅកម្ពុជា ទៅក្នុងទំនិញដែលបានផលិត និងនាំចេញ ខណៈប្រទេសខ្លះមានការកំណត់​ឱ្យមានការបញ្ចូលវត្ថុធាតុដើមឱ្យបានចន្លោះពី៣០% ទៅ៤០%។

ការលើកឡើងរបស់លោក ហូ ស៊ីវយ៉ុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ»

លោក ហូ ស៊ីវយ៉ុង បានថ្លែងថា មុនឆ្នាំ២០២៣ ពេលមិនទាន់មានវិធានដើមកំណើតទំនិញ កម្ពុជាមិនទាន់បានរៀបចំនូវច្បាប់វិធានដើមកំណើតទំនិញរបស់ខ្លួនទេ គឺអនុវត្តន៍ទៅតាមវិធានដើមកំណើតទំនិញនៃប្រទេសនាំចូល ក្នុងនោះកម្ពុជាក៏មិនតម្រូវឲ្យមានច្បាប់នេះគត់មុតនោះទេ ប៉ុន្ដែនៅពេលកម្ពុជាចូលក្នុង WTO គឺយើងបានដឹងថា ច្បាប់ណាជាច្បាប់ចាំបាច់របស់បណ្ដាប្រទេសមួយចំនួន ទើបឆ្នាំ២០២៣ យើងបានបង្កើតឱ្យច្បាប់នេះឡើង។

លោកបានបន្ដថា បណ្ដាប្រទេសនីមួយៗមានវិធានដើមកំណើតទំនិញផ្សេងគ្នា ក្នុងនោះវិធានដើមកំណើតទំនិញ របស់សហគមអឺរ៉ុបក៏តម្រូវឲ្យមានការផលិត ក្នុងស្រុកយ៉ាងតិចចំនួន៣០ភាគរយ ក្នុងអាស៊ានត្រូវការតិចបំផុត ៤០ភាគរយ។ ដូច្នេះវិធានដើមកំណើតទំនិញរបស់ប្រទេសនីមួយៗ និងកម្ពុជា ត្រូវទាមទារការផលិតក្នុងស្រុកចន្លោះ៣០-៤០ភាគរយ ដែលជាតម្រូវការរបស់ប្រទេសនាំចូល។

លោកបានបញ្ជាក់ថា វិធានដើមកំណើតទំនិញនឹងជួយស្រូប ឲ្យការប្រើប្រាស់ជាអតិបរមានៃទំនិញរបស់កម្ពុជា ដើម្បីចូលក្នុងទំនិញដែលបានផលិត ជំរុញឱ្យមានតម្លៃបន្ថែមក្នុងស្រុក ដើម្បីផលិតចេញជាទំនិញមួយ ធ្វើការនាំចេញ៕

សូមស្តាប់ការលើកឡើងរបស់លោក ហូ ស៊ីវយ៉ុង៖